អត្ថបទថ្មីៗពី www.preynokornews.info

កម្មវិធីទូរទស្សន៍តាមប្រព័ន្ធអិនធើណិតនៃវិទ្យុអាស៊ីសេរី

Monday, December 27, 2010

វៀតណាម​សម្រេច​ឃុំ​ខ្លួន​ខ្មែរ​ក្រោម​១​រូប​រយៈ​ពេល ​៣​ ខែ

ដោយ ខែ សុណង/RFA
2010-12-27

ស្ត្រី​ជា​ភរិយា​របស់​បុរស​ខ្មែរ​កម្ពុជា​ក្រោម​មួយ​រូប ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ ឆ្នាំ​២០១០ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជួយ​អន្តរាគមន៍​ដោះ​លែង​ស្វាមី​គាត់​ ត្រឡប់​មក​វិញ។


ទីក្រុងបឹងកក់ ប្រទេសថៃ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១០
លោក ចៅ ហេន ពេលនៅប្រទេសថៃ ។ រូបថត ថាច់ ប្រីជា គឿន/The Prey Nokor News


អ្នក​ស្រី នាង ធួន រស់​នៅ​ឃុំ​ចូវ​ឡាំង ស្រុក​ស្វាយ​ទង ខេត្ត​មាត់​ជ្រូក ដែល​វៀតណាម​ហៅ​ថា ខេត្ត​អាន​យ៉ាង បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​២៧ ធ្នូ ថា ស្វាមី​របស់​អ្នក​ស្រី​ឈ្មោះ ចៅ ហេន អាយុ​៥៦​ឆ្នាំ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ ឆ្នាំ​២០១០ ដោយ​គ្មាន​លិខិត​ស្នាម​អ្វី​ទាំង​អស់។

អ្នក​ស្រី​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែ​ឆ្នាំ​ដដែល ទើប​អាជ្ញាធរ​វៀតណាម​ស្រុក​ស្វាយ​ទង ចេញ​លិខិត​ចំនួន​២ លិខិត​ទី​១ គឺ​សម្រេច​ឃុំ​ខ្លួន​ស្វាមី​គាត់ ពី​ថ្ងៃ​ទី​១៧ ធ្នូ ដល់​ថ្ងៃ​ទី​២០ ធ្នូ និង​លិខិត​ទី​២ សម្រេច​បន្ថែម​ការ​ឃុំ​ខ្លួន​រយៈ​ពេល ៨៧​ថ្ងៃ​បន្ថែម​ទៀត ពី​បទ​បំផ្លិច​បំផ្លាញ ឬ​មាន​ចេតនា​បំផ្លាញ​ទ្រព្យ ដោយ​យោង​តាម​មាត្រា​១៤៣ និង​មាត្រា​២៤៥ ពី​បទ​បង្ក​អសន្តិសុខ​ក្នុង​ទី​សាធារណៈ នៃ​ច្បាប់​ព្រហ្មទណ្ឌ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ៖ "គេ​ចាប់​គាត់​ទៅ ឥឡូវ​គេ​មិន​ទាន់​កាត់​ទោស​ទេ គេ​ដាក់​គុក​ងងឹត​ទៅ គេ​មិន​ឲ្យ​ជួយ ខ្ញុំ​យក​មុង​ទៅ​ឲ្យ គេ​គ្រាន់​តែ​ទទួល​ពី​ឃ្លោង​ទ្វារ​យើង​ទេ គេ​មិន​ឲ្យ​យើង​ជួប"។

គួរ​បញ្ជាក់​ថា លោក ចៅ ហេន អាយុ​៥៦​ឆ្នាំ ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ឃុំ​ខ្លួន​នេះ ធ្លាប់​បាន​ដឹក​នាំ​ប្រជា​ពល​រដ្ឋ​ចំនួន​ប្រមាណ ៦០០​នាក់ ធ្វើ​បាតុកម្ម​តវ៉ា​យក​ដីធ្លី​កសិកម្ម​មក​វិញ កាល​ពី​ឆ្នាំ​២០០៧ រហូត​ដល់​ឆ្នាំ​២០០៨។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០០៨ វេលា​ម៉ោង​៣​ភ្លឺ ក៏​មាន​ករណី​បោក​គ្រាប់​បែក​ផ្សែង​ចូល​ផ្ទះ​លោក បង្ក​ឲ្យ​ប្រពន្ធ​របស់​គាត់​រង​របួស ហើយ​លោក ចៅ ហេន និង​ប្រពន្ធ​គាត់ ក៏​បាន​រត់​ទៅ​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​ពី​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ក៏​ប៉ុន្តែ​ត្រូវ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ ខ្លួន ប្រចាំ​ក្រុង​បាងកក បាន​បដិសេធន៍​ដោយ​អះអាង​ថា ពួក​គាត់​អាច​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ដោយ​អាជ្ញាធរ​វៀតណាម​នឹង​មិន​ ចាប់​ឃុំ​ខ្លួន​ពួក​គាត់​នោះ​ទេ។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១០ ក្រោយ​ពេល​ដែល​ពួក​គាត់​ទៅ​ដល់​ផ្ទះ​រយៈ​ពេល ១​ម៉ោង ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​មាន​គ្នា​ប្រមាណ ១០​នាក់​ទៅ​ចាប់​ខ្លួន៕

Monday, December 20, 2010

វៀតណាម​ពិន័យ​ខ្មែរ​ក្រោម​អំពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់

ដោយ ទីន ហ្សាការីយ៉ា
2010-12-20
ចុចដើម្បីស្តាប់សេចក្តីរាយការណ៍ពីវិទ្យុអាស៊ីសេរី (RFA)


ពល​រដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម​ ត្អូញត្អែរ​ថា ពួក​គាត់​មួយ​ចំនួន​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ធ្វើ​ទុក្ខបុកម្នេញ​ពី​​ អាជ្ញាធរ​វៀតណាម។

ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​មួយ​រួប ឈ្មោះ នាង ធួន បាន​អះអាង​ថា ខ្លួន​គាត់​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ចូវ​ឡាំង ស្រុក​ស្វាយ​ទង ខែត្រ​អាង​យាង ប្រទេស​វៀតណាម កោះ​ហៅ​ទៅ​សាក​សួរ​នៅ​ថ្ងៃ​ទី​២០ ធ្នូ ដោយ​ចោទ​ប្រកាន់​ពី​បទ​ចាក​ចេញ​ពី​ប្រទេស​វៀតណាម​ខុស​ច្បាប់ កាល​ពី​ឆ្នាំ​២០០៨។

ការ​កោះ​ហៅ​ស្ត្រី​រួប​នេះ​សាក​សួរ នៅ​បន្ទាប់​ពី​ស្វាមី​របស់​គាត់​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ស្វាយ​ទង ប្រទេស​វៀតណាម​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ កន្លង​ទៅ។

អ្នក​ស្រី នាង ធួន បាន​រៀប​រាប់​ថា មន្ត្រី​នគរបាល​វៀតណាម​បាន​កោះ​ហៅ​ទៅ​សាក​សួរ​ប្រមាណ ៤​ម៉ោង ហើយ​ចោទ​ប្រកាន់​អ្នក​ស្រី​ថា បាន​ចេញ​ពី​ប្រទេស​វៀតណាម ទៅ​កាន់​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ ដោយ​ពិន័យ​អ្នក​ស្រី​ចំនួន ២​លាន ៥​សែន​ដុង ស្មើ​និង​ប្រមាណ ៥០​ម៉ឺន​រៀល ទៅ​៥​លាន​ដុង ស្មើ​និង​ប្រមាណ​១​លាន​រៀល។ អ្នក​ស្រី នាង ធួន បាន​អះអាង​ថា បន្ទាប់​ពី​គេ​សាក​សួរ​អ្នក​ស្រី​ចប់ គេ​បង្ខំ​ឲ្យ​អ្នក​ស្រី​ផ្ដិត​មេ​ដៃ​លើ​ឯកសារ​កំណត់​ហេតុ​ចំនួន ៣​ទំព័រ សរសេរ​ជា​អក្សរ​វៀតណាម ដោយ​អ្នក​ស្រី​មិន​ចេះ​អាន​អក្សរ​វៀតណាម​នោះ​ទេ។ ប្រភព​ដដែល​បាន​លើក​ឡើង​ថា កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ អាជ្ញាធរ​វៀតណាម​ទៅ​ចាប់​ខ្លួន​ស្វាមី​អ្នក​ស្រី ឈ្មោះ ចៅ ហេន ដល់​ផ្ទះ នៅ​បន្ទាប់​ពី​អ្នក​ស្រី និង​ប្ដី​បាន​ត្រលប់​ពី​ប្រទេស​ថៃ​ប្រមាណ ១​ម៉ោង ដោយ​មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុ​ចាប់​ខ្លួន​ច្បាស់​លាស់​នោះ​ទេ។ អ្នក​ស្រី នាង ធួន បាន​សួរ​ទៅ​នគរបាល​វៀតណាម តើ​ពេល​ណា​ដោះ​លែង​ប្ដី​អ្នក​ស្រី​វិញ ប៉ុន្តែ​គេ​មិន​ប្រាប់​នោះ​ទេ ដោយ​គ្រាន់​តែ​ប្រាប់​ថា​លុះ​ត្រា​អ្នក​ឯង​ឆ្លើយ​នូវ​អ្វី​ដែល​គេ​ចង់​បាន ទើប​គេ​ដោះ​លែង​ស្វាមី​អ្នក​ស្រី​វិញ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អាជ្ញាធរ​វៀតណាម និង​មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បានទេ​នៅ​ថ្ងៃ​ច័ន្ទ ទី​២០ ធ្នូ នេះ។

ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​លោក លោក តាំង សារៈ បាន​មាន​ប្រសាសន៍​ថា វា​ជា​ទម្លាប់​ទៅ​ហើយ ដែល​អាជ្ញាធរ​វៀតណាម​បាន​ធ្វើ​បាប និង​ចាប់​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ដែល​ពួក​គេ​គ្មាន​ទោស​កំហុស​អ្វី​ទាល់​តែ​សោះ គ្រាន់​តែ​ពួក​គេ​ទាម​ទារ​ដី​ស្រែ​ចម្ការ ដែល​អាជ្ញាធរ​រឹបអូស និង​ករណី​ទាម​ទារ​សិទ្ធិ​សេរីភាព ដែល​អាជ្ញាធរ​វៀតណាម​គាប​សង្កត់​ជា​ដើម។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០០៨ លោក ចៅ ហេន ធ្លាប់​បាន​ដឹក​នាំ​ប្រជា​ពល​រដ្ឋ​​​ខ្មែរ​ក្រោម​ជាង​៦​រយ​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​ដី​ស្រែ​ចម្ការ ដែល​អាជ្ញាធរ​វៀតណាម​រឹបអូស​ក្នុង​អំឡុង​ពេល​ឆ្នាំ​១៩៨០។ បន្ទាប់​ពី​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម នៅ​យប់​ថ្ងៃ​ដដែល វេលា​ម៉ោង ៣​ជិត​ភ្លឺ លំនៅឋាន​របស់​គាត់​ត្រូវ​បាន​គេ​គប់​គ្រាប់​បែក​​ចូល​ក្នុង​ផ្ទះ ទើប​គ្រួសារ​អ្នក​ស្រី​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​អង្គការ UNHCR នៅ​ប្រទេស​​ថៃ ឲ្យ​ជួយ​អន្តរាគមន៍ ក្នុង​នាម​ជា​ជន​​ភៀស​ខ្លួន តែ​ត្រូវ​អង្គការ​នេះ​មិន​ទទួល​ស្គាល់ ហើយ​បាន​ណែនាំ​ពួក​គេ​ឲ្យ​វិល​មក​ផ្ទះ​នៅ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​វិញ ដោយ​អះអាង​ថា មិន​មាន​ការ​ចាប់​ខ្លួន​នោះ​ទេ។

លោក តាំង សារៈ មិន​អាច​បញ្ជាក់​អំពី​ចំនួន​ខ្មែរ​កម្ពុជា​ថា​មាន​ប៉ុន្មាន​នាក់​នោះ​ទេ ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​នោះ ប៉ុន្តែ​លោក​បញ្ជាក់​ពី​មូល​ហេតុ​ដែល​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ខ្មែរ​ កម្ពុជា​ក្រោម​ថា ដោយ​សារ​តែ​បញ្ហា​ទាមទារ​ដី​ស្រែ​ចម្ការ បញ្ហា​ចេញ​មក​ប្រទេស​កម្ពុជា ហើយ​មាន​ទំនាក់​ទំនង​ជា​មួយ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នានា​នៅ​កម្ពុជា​ដើម៕

អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ទៅ​ឃុំ​ខ្លួន

ដោយ ដែន អយុធ្យា
2010-12-19
ចុចដើម្បីស្តាប់សេចក្តីរាយការណ៍ពីវិទ្យុអាស៊ីសេរី (RFA)

ប្រភព​ពី​ប្រជា​ពល​រដ្ឋ​រស់​នៅ​ទឹក​ដី​កម្ពុជា​ក្រោម​អះអាង​ថា អាជ្ញាធរ​វៀតណាម​បាន​ចាប់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ ឈ្មោះ ចៅ ហេន ទៅ​ឃុំ​ខ្លួន។

ភរិយា​បុរស​ឈ្មោះ ចៅ ហេន គឺ​អ្នក​ស្រី នាង ធួន បាន​មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ថា គ្រួសារ​គាត់ បន្ទាប់​ពី​បាន​គេច​ខ្លួន​កាល​ពី​ឆ្នាំ​២០០៨ ទៅ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ការិយាល័យ​អង្គការ UNHCR នៅ​ប្រទេស​ថៃ ត្រូវ​បរាជ័យ។

នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​នេះ នៅ​ពេល​ស្វាមី​វិល​ត្រឡប់​ពី​ការិយាល័យ UNHCR ប្រទេស​ថៃ ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​អង្គការ​នេះ ដែល​ថា​មិន​មាន​ទោស​ពៃរ៍ ពេល​មក​ដល់​ផ្ទះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​មក​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​សាលា​ស្រុក​ស្វាយ​ទង រង់ចាំ​​ដោះ​ស្រាយ​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ អំពី​មូល​ហេតុ​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ។

អ្នក​ស្រី នាង ធួន មាន​ប្រសាសន៍​បន្ថែម ៖ «យើង​មក​ពី​ប្រទេស​ថៃ មក​ដល់​អង្គុយ​មិន​ទាន់​បាន​១​ម៉ោង​ផង គេ​មក​អញ្ជើញ​ទៅ​សាលា​ឃុំ នៅ​ម៉ោង​៤ ដល់​ម៉ោង ៦​ជាង គេ​អញ្ជើញ​ទៅ​សាលា​ស្រុក ឡាន​គេ​ដឹក​ទៅ​សាលា​ស្រុក ឥឡូវ​គេ​ឃុំ​នៅ​សាលា​ស្រុក។ ឥឡូវ​គេ​យក​ក្រដាស​មក​អញ្ជើញ​ខ្ញុំ ថ្ងៃ​ទី​២០ ឲ្យ​ខ្ញុំ​ទៅ​ទៀត»។

ទាក់​ទង​បញ្ហា​ចាប់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​ក្រោម​នេះ លោក ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ដាក់​ការ​ស្តី​បន្ទោស​ចំពោះ​ចំណាត់​ ការ​របស់​អង្គការ UHNCR ដែល​មិន​ទទួល​ស្គាល់​ពល​រដ្ឋ​ខ្មែរ​ក្រោម ដែល​បាន​ទៅ​សុំ​កិច្ច​អន្តរាគមន៍ និង​សុំ​សិទ្ធិ​ជ្រក​កោន​ពី​អង្គការ​មួយ​នេះ។

លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍ ៖ «ខ្ញុំ​គិត​ថា យូ​អិន ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្លាំង​ណាស់ ពី​ព្រោះ​គាត់​មាន​ទុក្ខ​ទោស​ដោយ​ការ​តវ៉ា ហើយ​ខំ​ទៅ​រក​យូ​អិន ជួយ តែ​យូ​អិន បែរ​ជា​អត់​ទទួល​ស្គាល់ ដែល​ធ្វើ​ឲ្យ​គាត់​មាន​បញ្ហា​ក្នុង​ការ​រស់​នៅ ក៏​វិល​ត្រឡប់​ទៅ​វិញ ព្រោះ​យូ​អិន ហាក់​ដូច​ជា​មិន​ជឿ​នូវ​អ្វី​ជា​សកម្មភាព​របស់​គាត់ ដែល​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​យួន។ ឥឡូវ​វា​ជាក់ស្ដែង អ៊ីចឹង​ហើយ គឺ​មាន​តែ​យូ​អិន ទេ ដែល​ទទួល​ភារកិច្ច​ហ្នឹង ហើយ​ធ្វើ​អន្តរាគមន៍​ដើម្បី​ឲ្យ​លោក​មាន​សេរីភាព​ឡើង​វិញ»។

អ្នក​ស្រី នាង ធួន បន្ត​ថា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០០៨ កន្លង​ទៅ ស្វាមី​គាត់ គឺ​លោក ចៅ ហេន ធ្លាប់​បាន​ដឹក​នាំ​ប្រជា​ពល​រដ្ឋ​​​ខ្មែរ​ក្រោម​ជាង​៦​រយ​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​ដី​ស្រែ​ចម្ការ ដែល​អាជ្ញាធរ​វៀតណាម​រឹបអូស​ក្នុង​អំឡុង​ពេល ឆ្នាំ​១៩៨០។ បន្ទាប់​ពី​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០០៨ វេលា​ម៉ោង ៣​ជិត​ភ្លឺ លំនៅឋាន​របស់​គាត់​ត្រូវ​បាន​គេ​បោក​គ្រាប់​បែក​​ចូល​ក្នុង​ផ្ទះ ទើប​គ្រួសារ​អ្នក​ស្រី​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​អង្គការ UNHCR នៅ​ប្រទេស​ថៃ ឲ្យ​ជួយ​អន្តរាគមន៍ ក្នុង​នាម​ជា​ជន​​ភៀស​ខ្លួន តែ​ត្រូវ​អង្គការ​នេះ​មិន​ទទួល​ស្គាល់ និង​បាន​ណែនាំ​ពួក​គេ​ឲ្យ​វិល​មក​ស្រុក​កំណើត​នៅ​ទឹក​ដី​ខ្មែរ​កម្ពុជា​ ក្រោម​វិញ ដោយ​អះអាង​ថា មិន​មាន​ការ​ចាប់​ខ្លួន​នោះ​ទេ។

អ្នក​ស្រី នាង ធួន បាន​ប្រាប់​ពី​មូល​ហេតុ​រត់​គេច​ខ្លួន​ដូច្នេះ ៖ «UNHCR ហ្នឹង គេ​បិទ​ឈប់​ឲ្យ​តាំង​ពី​ខែ​សីហា​ឯ​ណោះ គេ​លែង​ឲ្យ។ បាន​ជា​ខ្ញុំ​វិល​ត្រឡប់​មក​ប្រទេស​ជីដូន​ជីតា​យើង​វិញ»។

លោក ចៅ ហេង និង​អ្នក​ស្រី នាង ធួន មាន​ស្រុក​កំណើត​នៅ​ឃុំ​ចូវ​ឡាំង ស្រុក​ស្វាយ​ទង ខេត្ត​មាត់​ជ្រូក ដែល​វៀតណាម​ហៅ​អាង​យ៉ាង សព្វ​ថ្ងៃ ធ្លាប់​តាម​រក​ចាប់​ខ្លួន​ម្ដង​ហើយ កាល​ពី​ឆ្នាំ​២០០៨ ដោយ​ចោទ​បុរស​រូប​នេះ បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម​ទាមទារ​រំដោះ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ស្ថាន​ទូត​វៀតណាម​ប្រចាំ​ ប្រទេស​កម្ពុជា ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចាប់​ខ្លួន​បុរស​ឈ្មោះ ចៅ ហេន ដែល​អាជ្ញាធរ​វៀតណាម​បាន​នាំ​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​សាលា​ស្រុក​ ស្វាយ​ទង ក្នុង​ប្រទេស​វៀតណាម​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១០ នេះ៕

Friday, December 17, 2010

ជនភៀសខ្លួនខ្មែរក្រោមមួយគ្រួសារធ្វើមាតុភូមិនិវត្ត ត្រូវបានវៀតណាមធ្វើទុក្ខបុកម្នេញ

ជនភៀខ្លួនខ្មែរក្រោមនៅប្រទេសថៃមួយគ្រួសារដែលបានធ្វើមាតុភូមិនិវត្តដោយខ្លួនឯង ទៅស្រុកស្វាយទង(Tri Ton)ខេត្តមាត់ជ្រូក (An Giang)ដែនដីកម្ពុជាក្រោមត្រូវបាន រដ្ឋាភិបាលបក្សកម្មុយនិស្តវៀតណាម កោះហៅទៅសួរចម្លើយនៅថ្ងៃនេះ ក្រោយពីត្រូវ បាន UNHCR ប្រចាំទីក្រុងបឹងកក់ធ្វើការបដិសេធឋានៈជាជនភៀសខ្លួនផ្នែកនយោបាយ ក្នុងពេលកន្លងមក ។


ទីក្រុងបឹងកក់ ប្រទេសថៃ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១០
លោក ចៅ ហេន ពេលនៅប្រទេសថៃ ។ រូបថត ថាច់ ប្រីជា គឿន/The Prey Nokor News


បើយោងតាមប្រភពព័ត៌មានពីកម្ពុជាក្រោម ដែលបានបង្ហើបដោយក្រុមសាច់ញាតិរបស់ ជនរងគ្រោះខាងលើ ប្រាប់ សារព័ត៌មាន ព្រៃនគរ ថា នៅថ្ងៃទី ១៧ ខែធ្នូនេះ លោក ចៅ ហេន (Chau Hen) កើតឆ្នាំ ១៩៥៤ និងប្រពន្ធឈ្មោះ នាង ផួន កើតឆ្នាំ ១៩៥៤ ត្រូវបានកងនគរបាលវៀតណាមកោះហៅទៅសួរចម្លើយនៅសាលាស្រុកស្វាយ ទង (Tri Ton) ក្រោយពីលោកបានធ្វើដំណើរពីប្រទេសថៃទៅដល់គេហដ្ឋានរបស់ខ្លួន ឋិតនៅក្នុងភូមិអាងឡើយ (An Loi) ឃុំចូវឡាំង (Chau Lang)ស្រុកស្វាយទង (Tri Ton) ខេត្តមាត់ជ្រូកនៃដែនដីកម្ពុជាក្រោមភ្លាម ។

សូមបញ្ជាក់ថា លោក ចៅ ហេននិងសមាជិកគ្រួសារបានភៀសខ្លួនទៅប្រទេសថៃនិង បានចុះឈ្មោះជាជនភៀសខ្លួននៅក្នុងឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុក ជនភៀសខ្លួន (UNHCR)កាលពីថ្ងៃទី ១៨ខែមីនា ឆ្នាំ ២០០៩ក្រោយពីលោកត្រូវបាន រដ្ឋាភិបាលវៀតណាមគំរាមកំហែងផ្នែកសិទ្ធិមនុស្ស និងចេញដីកាចាប់ខ្លួនដោយលោក គ្រាន់តែធ្វើការទាមទារឲ្យរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមសងដីកេរដូនតារបស់ខ្លួន មកវិញប៉ុណ្ណោះ ៕

ខួប ៣ ឆ្នាំ នៃការបង្រ្កាបព្រះសង្ឃខ្មែរក្រោម ដោយប៉ូលិសខ្មែរនៅមុខស្ថានទូតយួន


រូបត្លុក Sacrava

ខាងក្រោមជារូបភាពមួយចំនួនបង្ហាញពីព្រឹត្តិការណ៍ហិង្សាដែលប៉ូលិសខ្មែរនៃរដ្ឋាភិបាល លោកហ៊ុន សែន បានបង្ក្រាបព្រះសង្ឃខ្មែរក្រោមនៅមុខស្ថានទូតយួននាទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៧​ ខែធ្នូ ឆ្នាំ ២០០៧ ខណៈដែលព្រះសង្ឃខ្មែរក្រោមប្រមាណជាង ៥០ អង្គយកញាតិទៅជូនស្ថានទូតយួនដើម្បីជម្រុញឲ្យរដ្ឋាភិបាលយួនក្រហម(Viet Rouge) គោរពសិទ្ធិជនជាតិដើមខ្នែរក្រោមនៅកម្ពុជាក្រោម ក្នុងនោះ មានសុំឲ្យដោះលែងអតីត ព្រះចៅអធិការវត្តភ្នំដិនខាងជើង ទឹម សាខន នៃខេត្តតាកែវ និង អតីតព្រះគ្រូឧទ្ទេសា ចារ្យទាំង ៥ នៅខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ។ រូបថត លីកាដូ




តុលាការប្រជាជនយួនក្រហមថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០០៧
ព្រះតេជព្រះគុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិនខាងជើងស្រុកគិរីវង់ ខេត្តតាកែវ ជាព្រះសង្ឃមានដើមកំណើតខ្មែរនៅកម្ពុជាក្រោម ដែលមានសញ្ជាតិ ខ្មែរនៃប្រទេសកម្ពុជាយូរហើយ តែរដ្ឋាភិបាលខ្មែរបានចាប់បញ្ជូនទៅឲ្យតុលាការប្រ ជាជនបក្សកម្មុយនិស្តវៀតណាមកាត់ទោសដាក់គុកជាតិសាសន៍ខ្លួនឯងយ៉ាង អយុត្តិធម៌ក្នុងពេលកន្លងមក ពីបទ «បំបែកបំបាក់មិត្តភាពវៀតណាមកម្ពុជា»។

Sunday, December 12, 2010

សហព័ន្ធ​ខ្មែរ​ក្រោម​ប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក

ដោយ មឿង ទុម/RFA
2010-12-11

សមាជិក​សមាជិកា​ចំនួន​ជាង ១០០​នាក់​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មក​ពី​តាម​ប្រទេស​នានា ​ចូល​រួម​ក្នុង​មហាសន្និបាត​ប្រចាំ​របស់​សហព័ន្ធ​រយៈ​ពេល​បី​ថ្ងៃ នៅ​រដ្ឋ​ផ្លរីដា (Florida) សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ។


ឆ្វេងៈលោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរក្រោម ។
ស្តាំៈ លោក ឡាំ ខាយ អាចារ្យប្រចាំសហព័ន្ធខ្មែរកម្ពុជាក្រោម ។



ចុចដើម្បីស្តាប់សេចក្តីរាយការណ៍ពីវិទ្យុអាស៊ីសេរី


សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រៀបចំ​សន្និបាត​ប្រចាំ​២០១០ នៅ​ថ្ងៃ​ទី​១០ ១១ និង​ទី​១២ ខែ​ធ្នូ​នេះ នៅ​ឯ​វត្ត​ធម្មិការាម នៅ​ទីក្រុង Orlando នៃ​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក។

លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​បន្ថែម​ថា កិច្ចប្រជុំ​ក្នុង​ថ្ងៃ​នីមួយៗ​នឹង​បែងចែក​ទៅ​តាម​លំដាប់ ដូចជា​ថ្ងៃ​ទី​១ ដែល​ត្រូវ​នឹង​ថ្ងៃ​សុក្រ គឺ​ជា​កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​សហព័ន្ធ ៖ «ថ្ងៃ​ទី​១០ ប្រជុំ​គណៈកម្មការ​នាយក និង​ប្រធាន​ប្រចាំ​តំបន់​ទ្វីប។ ថ្ងៃ​ទី​១១ និង ១២ ប្រជុំ​ទូទៅ និយាយ​ពី​ការងារ​ដែល​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១០ ពិនិត្យ​មើល​ការ​រីក​ចម្រើន ការ​លូតលាស់ និង​អ្វី​ជា​ឧបសគ្គ ដែល​សហព័ន្ធ​ធ្វើ​មិន​បាន និង​ផែនការ​ឆ្នាំ​២០១១»។

លោក ឡឹម ផាយ សមាជិក​សភា​តំណាង​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទៅ​ពី​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ដើម្បី​បើក​អង្គ​សន្និបាត​ប្រចាំ​ឆ្នាំ​នេះ សហព័ន្ធ​បាន​និមន្ត​ព្រះសង្ឃ​សូត្រ​ធម៌​ទៅ​តាម​ទំនៀម​ទម្លាប់​ព្រះពុទ្ធ​ សាសនា ៖ «មាន​ព្រះសង្ឃ​សូត្រ​ជយន្តោ​បើក​មហា​សន្និបាត ដែល​មហា​សន្និបាត​នេះ​ជា​កិច្ចប្រជុំ​ធំ»។

លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ថា សហព័ន្ធ​នឹង​បូក​សរុប​លទ្ធផល​នៃ​មហា​សន្និបាត​ចែកចាយ​ជូន​សមាជិក​សមាជិកា​ អ្នក​ចូល​រួម​ឲ្យ​បាន​ជ្រាប​ទុក​ជា​ឯកសារ ពិសេស​ដាក់​ចេញ​ជា​យុទ្ធសាស្ត្រ រួម​មាន​ការ​លើក​ទឹក​ចិត្ត​ខ្មែរ​ក្រោម​ជា​ទូទៅ ឲ្យ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ទៅ​តាម​ផ្លូវ​ច្បាប់ ៖ «យុទ្ធសាស្ត្រ​ យើង​ឆ្នាំ​ក្រោយ​ពង្រឹង​នៅ​តាម​មូលដ្ឋាន សមាជិក​សមាជិកា​ទាំង​អស់ បង​ប្អូន​ខ្មែរ​ក្រោម ក៏​ដូច​ជា​បង​ប្អូន​ខ្មែរ​ឲ្យ​យល់​ពី​ភារកិច្ច​របស់​ខ្លួន​ជា​កូន​ខ្មែរ ជា​កូន​ខ្មែរ​ក្រោម តើ​ត្រូវ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ខ្មែរ​នៅ​ឯ​ដែន​ដី​កម្ពុជា ​ក្រោម?»។

អ្នក​ចូល​រួម​ប្រជុំ​ក្នុង​មហាសន្និបាត​នេះ មាន​ចំនួន​ជាង ១០០​នាក់​មក​ពី​ប្រទេស​កម្ពុជា អូស្រ្តាលី (Australia) កាណាដា (Canada) ពី​ទ្វីប​អឺរ៉ុប (Europe) ដែល​រួម​មាន​ពី​ប្រទេស​ស្វីស (Swiss) ប្រទេស​បារាំង (France) និង​មាន​មក​ពី​តាម​រដ្ឋ​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹង​បន្ថែម​ថា ភាគ​ច្រើន​នៃ​ខ្មែរ​ក្រោម​ទាំង​អស់​ចំនួន​ប្រមាណ ៤​ម៉ឺន​នាក់ ដែល​រស់​នៅ​ក្រៅ​ប្រទេស គឺ​ជា​អ្នក​គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ ក្នុង​នោះ​មាន​ជាង ២​ពាន់​នាក់​ជា​សមាជិក​សកម្ម​នៅ​ជុំវិញ​ពិភពលោក។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្រៅ​ស្រុក ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​កាណាដា កាល​ពី​ឆ្នាំ​១៩៩៦៕

ฺចុចដើម្បីស្តាប់ ព័ត៌មានកិច្ចប្រជុំដំណាច់ឆ្នាំរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោមពីវិទ្យុសំឡេងកម្ពុជាក្រោម (VOKK)



Thursday, December 02, 2010

វត្ត មុនីរង្សី (មេពាំង) ព.ស. ២៣៩៤ គ.ស. ១៨៥១

វត្ត មុនីរង្សី (មេពាំង) Vatt Muniransi (Mepeang)
ឆ្នាំកសាងៈព.ស. ២៣៩៤ គ.ស. ១៨៥១
អាសយដ្ឋានៈ ភូមិមេពាំង ឃុំឫស្សីស្រុក ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង
អាសយដ្ឋានជាភាសាយួនៈ ấp IV, xã Phong Phú,
huyện Cầu Kè, tỉnh Trà Vinh
ព្រះចៅអធិការព្រះនាម ថាច់ ម៉ូត
លេខទូរស័ព្ទៈ(+84) 982 358 330
គេហទំព័រៈ?

វត្ត ទេពឪទ្យាន (តាដេវ) ព.ស. ២២៥៣ គ.ស. ១៧១០

វត្ត ទេពឪទ្យាន (តាដេវ) Vatt Debudyana (Tadev)
ឆ្នាំកសាងៈព.ស. ២២៥៣ គ.ស. ១៧១០
អាសយដ្ឋានៈ ភូមិតាដេវ ឃុំឫស្សីស្រុក ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង
អាសយដ្ឋានជាភាសាយួនៈ ấp Trà Điêu, xã Phong Phú,
huyện Cầu Kè, tỉnh Trà Vinh
ព្រះចៅអធិការព្រះនាម ថាច់ អង
លេខទូរស័ព្ទៈ(+84) 975 213 076
គេហទំព័រៈ?