កម្មវិធីទូរទស្សន៍តាមប្រព័ន្ធអិនធើណិតនៃវិទ្យុអាស៊ីសេរី

Friday, April 29, 2011

៣០ មេសា ខេមរាបាត់សិទ្ធិ

កំណាព្យមេពាក្យ ៧

៙សាមសិបមេសាឆ្នាំចិតប្រាំ
ខ្មែរអឺយចូរចាំជាប្រវត្តិ
ពេញពិតល្បិចកលគាបសង្កត់
ថ្ងៃយួនសន្មតិកុហក់ខ្មែរ ។
ព្រោះនោះជាថ្ងៃគេកាន់កាប់
អំណាចនឹងច្បាប់យួនមិនកែ
លទ្ធិផ្តាច់ការប្រហារខ្មែរ
រាស្ត្រទាំងក្រុងស្រែខ្មែរលែងយល់ ។
យួនប្រាប់-បង្រៀនឥតអៀនខ្មាស
ថាថ្ងៃជំនះជ័យមង្គល
ដេញពួកឧទ្ទាមឆ្ពាមមណ្ឌល
ឧព្វីនិម្មលដែនដីកេរ ។
ខ្មែរក្រោមគ្រប់រូបជំនាន់ថ្មី
អត់បានយល់ន័យបំភ្លៃកែ
នៃកុម្មុយនិស្តបក្សចោរហ្វេ
កាឡៃបំរែខុសការពិត ។
នាំគ្នាចងចាំនិងរំឭក
ជាថ្ងៃធ្វើសឹកប្តូរជីវិត
ខ្មែរ-យួនសាមគ្គីប្រកៀកកិត
ដេញរត់ខ្ចាយខ្ចាត់ពួកអាគាំង ។
ពិតគឺថ្ងៃយួនផ្លាស់សករាជ
គ្រប់គ្រងអំណាចបំបិទបាំង
រំលោភសិទ្ធិខ្មែរក្រោមឲ្យភាំង
ស្រវាំងលែងដឹងពីកលល្បិច ។
ជាថ្ងៃដែលចោរយួនត្រួតត្រា
មកលើខេមរារាស្ត្រក្រោមស្រេច
តាមគោលបំណងវាកំទេច
ខ្មែរអឺយកុំភ្លេចថ្ងៃនេះណា ។
ជាថ្ងៃដែលចោរយួនរំលោភ
សិទ្ធិមូលដ្ឋានគ្រប់ឥរិយា
ទំនៀមទម្លាប់និងសាសនា
ក្រោមបក្សរដ្ឋការយួនកុម្មុយនិស្ត ។
ដីស្រែខ្មែរមានយួនរឹបយក
ជីវភាពខ្មែរតោកយ៉ាករលេះ
គំលានមានទុក្ខ-សុខនិរាស្ត
អាការៈភ្មាសជុំជំងឺ ។
សាសនាត្រូវបានយួនបំបែក
ពុះញែកបញ្ចូលមួយនោះគឺ
ពុទ្ធគណៈថេរវាទជាតិធ្លាប់ឮ
រន្ទឺគណៈខេមរនិកាយ ។
បង្កើតជំនួសពុទ្ធសាសនា
គណៈមហានិកាយថ្លៃ
តជាប់រហូតដល់សព្វថ្ងៃ
យួនមិនដែលផ្សាយឲ្យញាតិឮ ។
សេដ្ឋកិច្ចយួនគាបខ្មែរធ្លាក់ក្រ
រស់ទាំងត្រដរព្រោះខ្លួនឈឺ
បញ្ញវន្តខ្មែរក្រោមយូនចាប់ប្រើ
ទៅតាមអំពើរួចដាក់ខ្នោះ ។
ខ្មែរអឺយចូរចាំឲ្យជាក់ច្បាស់
មិនមែនថ្ងៃឈ្នះដូចយួនឃោសន៍
លើអាមេរិកកាំងបារាំងសោះ
ពិតគឺថ្ងៃអស់សិទ្ធិខ្មែរក្រោម ។៚

ទីក្រុងបឹងកក់, ប្រទេសថៃ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១១
និពន្ធដោយ សឺន ថាយ ធន

រថក្រោះរបស់កងទ័ពរំដោះប្រជាជនយួនខាងត្បូងសម្រុកចូលវិមានឯករាជ្យ នៃរបបសាធារណរដ្ឋវៀតណាមកាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។

៣០ មេសា ឆ្នាំ ១៩៧៥ ជាថ្ងៃដែលយួនកុម្មុយនិស្តចូលត្រួតត្រាខ្មែរក្រោមបន្តពីរបប យួនសេរី ឬ យួនសាធារណរដ្ឋ ។ ចាប់តាំងពីថ្ងៃនោះមកដល់បច្ចុប្បន្នគម្រប់ ៣៦​ ឆ្នាំ ដែលខ្មែរក្រោមរស់នៅក្រោមរបបយួនក្រហម ឬ Viet Rouge ៕

Thursday, April 28, 2011

លោកស្រី ត្រឹង ឡែ ស្វឹង ស្លាប់អាយុ ៨៧ ​ឆ្នាំ

ដោយ ថាច់ ប្រីជា គឿន /The Prey Nokor New

ដំណឹងពីបណ្តាញផ្សព្វផ្សាយអន្តរជាតិ និងវៀតណាម បានឲ្យដឹងថា លោកស្រី ងូ ដិន ញូ (Ngo Dinh Nhu) ឈ្មោះដើម ត្រឹង ឡែ ស្វឹង (Trần Lệ Xuân) ត្រូវជាភរិយា លោក ងូ ដិន ញូ ដែលជាទីប្រឹក្សានយោបាយ និងត្រូវជាប្អូនបង្កើតរបស់លោក ងូ ដិន យេម (Ngo Dinh Diem ) ប្រធានាធិបតីដំបូងនៃរបបសាធារណរដ្ឋវៀតណាម បានស្លាប់ក្នុងជន្មាយុ ៨៧ ឆ្នាំ នៅថ្ងៃទី ២៤ ខែមេសា ក្នុងមន្ទីរពេទ្យមួយ នាទីក្រុងរូម (Roma ) ប្រទេសអ៊ីតាលី ។

អ្នកជិតស្និទ្ធជាមួយលោកស្រី ត្រឹង ឡែ ស្វឹង គឺមេធាវី ត្រឿង ភូធឺ (Trương Phú Thứ) បានប្រាប់សារព័ត៌មាន ថា លោកស្រី ត្រឹង ឡែ ស្វឹង បានស្លាប់នៅវេលាម៉ោង ២ ថ្ងៃ អាទិត្យ ទី ២៤ ខែមេសា ឆ្នាំ ២០១១ នៅក្នុងមន្ទីរ នាទីក្រុង Roma ប្រទេសអ៊ីតាលី អាយុ ៨៧ ឆ្នាំ ។


លោកស្រី ត្រឹង ឡែ ស្វែង និងកូនស្រី ងូ ដិន ឡែ ទ្វី នៅ
លើទំព័រមុខទស្សនាវដ្តី Life ។ រូបថត: wikipedia
————————–


ប្រវត្តិលោកស្រី ត្រឹង ឡែ ស្វឹង (Trần Lệ Xuân):

លោកស្រី ត្រឹង ឡែ ស្វឹង (Trần Lệ Xuân) កើតឆ្នាំ ១៩២៤ ក្នុងគ្រួសារអភិជនមួយនៅ អតីតរាជធានីហាណូយ ។ ម្តាយឈ្មោះ ថឹង ធី ណាម ត្រឹង (Thân Thị Nam Trân) ជា ចៅរបស់ស្តេចយួនឈ្មោះ ដុង ខាន់ (Đồng Khánh) និងត្រូវជាបងប្អូនជីដូនមួយជាមួយ ស្តេច បាវ ដាយ (Bao Dai) ដែលជាស្តេចចុងក្រោយនៃរបបរាជានិយមវៀតណាម ។ ឱពុកឈ្មោះ ត្រឹង វ៉ាំង ចឿង (Trần Văn Chương) ជាអតីតអគ្គរដ្ឋទូតសាធារណរដ្ឋវៀត ណាម ប្រចាំសហរដ្ឋអាមេរិក ។

ការសិក្សាៈ

កាលនៅកុមារភាពលោកស្រីបានរៀននៅសាលា (trường Albert Sarraut) នាអតីត រាជធានីហាណូយ (Hà Nội) និងបានបញ្ចប់ការសិក្សាកំរិតវិទ្យាល័យ នៅប្រទេសបារាំង ។

គ្រួសារៈ

ឆ្នាំ ១៩៤៣ លោក ស្រីបានរៀបមង្គលការជាមួយលោក ងូ ដិន ញូ (Ngo Dinh Nhu) ហើយត្រូវ បោះបង់សាសនាព្រះពុទ្ធ ប្តូរជំនឿទៅកាន់សាសនាយេស៊ូតាមប្តី ។ លោក ងូ ដិន ញូ ជាប្អូន បង្កើត និងជាទីប្រឹក្សានយោបាយរបស់លោក ងូ ដិន យេម (Ngo Dinh Diem) អតីតប្រធានាធិបតី ដំបូងនៃរបបសាធារណរដ្ឋវៀតណាម(១៩៥៥- ១៩៧៥) ដូច្នេះបានជាគេចាត់ទុកលោកស្រី ត្រឹង ឡែ ស្វឹង ថាជា «លោកស្រីទីប្រឹក្សា» ។

ជីវិតក្នុងឆាកនយោបាយៈ

លោក Robert Trumbull អ្នកយកព័ត៌មានកាសែត The New York Time ធ្លាប់បាន ពណ៌នា និងផ្តល់រហស្សនាមដល់លោកស្រី ត្រឹង ឡែ ស្វឹង ថាជា «លោកស្រីដំបូងនៃ វៀតណាមខាងត្បូង » (First Lady of South Vietnam) ពីព្រោះលោកស្រីជាស្រ្តីម្នាក់ ដែលពោរពេញដោយអំណាច និងឥទ្ធិពលក្នុងអំឡុងពេលនៃការកាន់អំណាចរបស់ លោក ងូ ដិន យេម ចាប់ពីឆ្នាំ ១៩៥៥ ដល់ ១៩៦៣ ។

ក្រោមរបបសាធារណរដ្ឋដំបូង (Đệ nhất Cộng hòa) (១៩៥៥-១៩៦៣) មតិសាធារណៈ បានចាត់ទុកលោកស្រី ត្រឹង ឡែ ស្វឹង ថាជាអ្នកល្មោភអំណាច ។ ការដែលលោកប្រធា នាធិបតី ងូ ដិន យេម បានផ្តល់ឲ្យលោក ស្រី ស្វឹង និង លោក ងូ ដិន ទុក (Ngô Đình Thục) លោក ងូ ដិន ញូ (Ngô Đình Nhu) លោក ងូ ដិន ល្វៀង (Ngô Đình Luyện ) ព្រម ទាំងប្អូនពៅបង្កើតរបស់ខ្លួនឈ្មោះ ងូ ដិន កឹង ( Ngô Đình Cẩn) ចូលប្រឡូកក្នុងឆាក នយោបាយហើយបានទទួលតំណែងធំៗក្នុងជួររដ្ឋាភិបាល នោះ វាបានបង្កើតជារូបភាព មួយនៃការក្តាប់អំណាចតាមបែបគ្រួសារនិយម និងផ្តាច់ការតាមបែបសក្តិភូមិ ។

ក្នុងព្រឹត្តិការណ៍ថ្ងៃវិសាខបូជាព្រះសង្ឃ និងបរិស័ទនៃព្រះពុទ្ធសាសនាធ្វើកូដកម្មដុត ខ្លួននាឆ្នាំ ១៩៦៣ ថ្លែងទៅកាន់ស្ត្រីវៀតណាមក្នុងជួរទាហាន លោកស្រី ត្រឹង ឡែ ស្វឹង បានមានប្រសាសន៍ ថា «សកម្មភាព [ការដុតខ្លួន] របស់ព្រះពុទ្ធសាសនា ជារូបភាពក្បត់ មួយយ៉ាងជួជាតិ» ។ អំពីការ​បូជាព្រះកាយ [ដុតខ្លួន] របស់ព្រះតេជព្រះគុណ ថិត ក្វាង ដឹក (Thich Quang Duc) លោកស្រី ត្រឹង ឡែ ស្វឹង បានថ្លែងការណ៍សាធារណៈជាញឹក ញាប់ថា «សូមទះដៃស្វាគមន៍ចំពោះការដុតខ្លួន ប្រសិនបើអ្នកណាខ្វះប្រេងសាំងយើង នឹងជូន » (Vỗ tay hoan nghênh các vụ tự thiêu, nếu ai có thiếu xăng dầu thì tôi sẽ cho) និងបានប្រើពាក្យការបូជាព្រះកាយដោយដុតខ្លួនឯងរបស់ព្រះសង្ឃថា «អាំងលោក ឬ អាំងព្រះសង្ឃ» (ពាក្យដើមៈ I would clap hands at seeing another monk barbecue show) ។ ឆ្លើយជាមួយនឹងសារព័ត៌មាន The New York Time លោក ស្រី ត្រឹង ឡេ ស្វឹង បានមានប្រសាសន៍ថា «ខ្ញុំនៅជម្រុញឲ្យព្រះសង្ឃ [ដុតខ្លួន] ដប់ដងទៀត ។ វិធីសាស្ត្រ នៃដំណោះស្រាយអំពី បញ្ហាព្រះពុទ្ធសាសនា គឺធ្វើព្រងើយ មិនចាប់អារម្មណ៍ដល់វា» ។ សកម្មភាពនៃការថ្លែងការណ៍ខ្វះ ពិចារណាដោយពាក្យចំអកប្រៀបបាននឹង « ការយក ប្រេងចាក់ចូលភ្លើង» ឈានទៅដល់ព្រឹត្តិការណ៍រដ្ឋប្រហាររដ្ឋាភិបាល «សារធារណរដ្ឋដំ បូង» របស់គ្រួសារ លោក ងូ ដិន យេម នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ ។

លោកស្រី ត្រឹង ធី ស្វឹង លេចមុខនៅក្នុងឆាកនយោបាយ ចាប់ពីឆ្នាំ ១៩៥៥ ដល់ ១៩៦៣ ជាប្រធានក្រុមចលនាស្រ្តីនៃគណបក្សកឹងឡាវ (Đảng Cần Lao) និងជាអ្នក គាំទ្រឲ្យមានច្បាប់អាពាហ៍ពិពាហ៍គ្រសារ ជម្រុញឲ្យមានច្បាប់ទាក់ទិននឹងការរំលូត កូន សហាយស្មន់ ការប្រឡងបវរកញ្ញា និងវាយប្រដាលសេរី ជាដើម ។

ជីវិតនិរទេសៈ

* ខែតុលា ឆ្នាំ ១៩៦៣ អ្នកស្រី ត្រឹង ឡេ ស្វឹង និងកូនស្រីឈ្មោះ ងូ ដិន ឡែ
ទ្វី (Ngô Đình Lệ Thủy) បានធ្វើដំណើរទៅសហរដ្ឋអាមេរិក និង អ៊ីតាលីក្នុងគោល
បំណងរៀបផែនការផ្តួលរំលំប្រធានាធិបតី Kennedy ​និង CIA នៅក្នុងទីសាធារណៈ
សហរដ្ឋអាមេរិក ។

* ថ្ងៃទី ០១​ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ លោកស្រី ត្រឹង ឡែ ស្វឹង កំពុងស្នាក់នៅ ក្នុងសណ្ថាគារ Wilshire Hotel ក្នុង Beverly Hill, រដ្ឋ California សហរដ្ឋអាមេរិក ព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមបានកើត ឡើង លោក ងូ ដិន ញូ (ប្តី) និង លោកប្រធានាធិបតី ងូ ដិន យេម (បងថ្លៃ) ត្រូវបានគេសម្លាប់ស្លាប់​តាយហោង នៅក្នុងវិមាននរោត្តម ឬ វិមានឯករាជ្យ នៅទីក្រុងព្រៃនគរ ។

* ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ លោកស្រី ត្រឹង ឡេ ស្វឹង កូនឈ្មោះឡែ
ទ្វី បានធ្វើដំណើរចាក​ចេញពី Los Angeles សហរដ្ឋអាមេរិក ទៅរស់នៅប្រ
ទេសអ៊ីតាលីក្រោយពីបានថ្លែងការណ៍ថា «ខ្ញុំមិនអាចនៅសហរដ្ឋអាមេរិក
ដោយមូលហេតុសាមញ្ញ គឺរដ្ឋាភិបាលរបស់ពួកគេ [អាមេរិក] បានលបចាក់ខ្ញុំ
ពីក្រោយខ្នង» ។

* ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៧១ កាសែត The New York Time បានចុះ ផ្សាយថាលោកស្រីត្រឹង ឡែ ស្វឹង ត្រូវបានចោរប្លន់យកគ្រឿងអលង្ការរបស់ស្ត្រីនៅ ទីក្រុង Roma ប្រទេសអ៊ីតាលី មានតម្លៃ ៣២ ពាន់ដូល្លារ ។

* ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ១៩៧៥ លោកស្រី ត្រឹង ឡែ ស្វឹង បានផ្តល់បទ សម្ភាសន៍ដល់ទូរទស្សន៍ NBC ថ្កោលទោសរដ្ឋាភិបាល Kennedy របស់សហរដ្ឋ អាមេរិកថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នយោបាយរបស់វៀតណាម គឺ «ដើម្បីពង្រឹងឥទ្ធិពល និងជួយគាំទ្រដល់គណបក្សប្រជាធិប តេយ្យសហរដ្ឋអា មេរិក » ។

* ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ១៩៨៦ លោកស្រី ត្រឹង ឡែ ស្វឹង បានថ្កោលទោស សហរដ្ឋអាមេរិកថា បាន លេងអាក្រក់ [មិនស្មោះត្រង់] ជាមួយគ្រួសារលោកស្រី ក្នុងការចាប់ខ្លួនលោក Trần Văn Khiêm (ប្អូនប្រុសលោកស្រី) អំពីទោសថា បាន សម្លាប់ម្តាយឱពុកខ្លួន គឺលោកត្រឹង វាំង ចឿង (Trần Văn Chương ) នៅក្នុងផ្ទះ នាទីក្រុង Washington, D.C. កាលពីខែកក្កដា ឆ្នាំ ដដែល ។

* មុនពេលស្លាប់ លោកស្រី ត្រឹង ឡែ ស្វឹង បានស្នាក់នៅក្នុងបន្ទប់ ជាន់ទី ១១ នៃ​អាគារខ្ពស់មួយ ដែលមានកម្ពស់ប្រហែលកំពូល Eiffel ក្នុងចំ ណោមបន្ទប់ទាំងពីរខ្នង ដែលជាកម្មសិទ្ធិផ្ទាល់​ខ្លួន របស់លោកស្រី (អាគារមួយ ខ្នងឲ្យគេជួល) នាសង្កាត់ទី ១៥ ទីក្រុងប៉ារិស ប្រទេសបារាំង ។ ពេល នោះ លោកស្រីបានសម្ងំខ្លួនម្នាក់ឯងគេច មុខពីអ្នកនយោបាយ និងអ្នកកាសែត ដើម្បី សរសេរ កំណត់ហេតុផ្ទាល់ខ្លួន ។ បានដឹងអាគារទាំងពីរខ្នងនេះ ជាការជូនរបស់ អ្នកស្រី Capici ស្រ្តីមហា​សេដ្ឋីជនជាតិ អ៊ីតាលី មានទ្រព្យស្តុកស្តមម្នាក់ ទោះបីអ្នក ទាំងពីរនេះមិនទាន់បានជួបមុខគ្នាក៏ដោយ ។

* វេលាម៉ោង ២ ថ្ងៃអាទិត្យទី ២៤ ខែមេសា ឆ្នាំ ២០១១ លោកស្រី ត្រឹង ឡែ ស្វឹង បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Roma ប្រទេសអ៊ីតាលី ។


ព្រះឆាយាលក្ខណ៍ព្រះតេជព្រះគុណ Thich Quang Duc ព្រះអង្គប្រសូត ឆ្នាំ ១៨៩៧ សុគត ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩៦៣ ។ រូបថតៈwikipedia


វីដេអូឯកសារអំពីការបូជាព្រះកាយ (ដុតខ្លួនឯង) របស់ព្រះតេជព្រះគុណ ថិត ក្វាង ដឹក (Thich Quang Duc) ជាព្រះសង្ឃមហាយានវៀតណាម កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩៦៣ នៅទីក្រុងព្រៃនគរ ដើម្បីជំទាស់នឹង គោលនយោបាយបំបិទសិទ្ធិព្រះពុទ្ធសាសនានៃរដ្ឋាភិបាលសាធារណរដ្ឋ វៀតណាមដឹកនាំដោយ លោក ងូ ដិន យេម ។

Tuesday, April 26, 2011

កូនលោក ចៅ ហេន អំពាវនាវឲ្យ UNHCR ផ្តល់ឋានៈជាជនភៀសខ្លួនឡើងវិញ

ដោយ ថាច់ ជំរឿន/The Prey Nokor News
មុខការិយាល័យ UNHCR ទីក្រុងបឹងកក់ ,ប្រទេសថៃៈ

កូនប្រុសលោក ចៅ ហេន ទាំងពីរនាក់ដែលកំពុងភៀសខ្លួននៅប្រទេសកំពុងតែស្វះស្វែង រកកិច្ចគាំពារក្នុងឋានៈជាជនភៀសខ្លូននយោបាយនៅក្នុងការិយាល័យអគ្គស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំទីក្រុងបឹងកក់ ប្រទេសថៃ នៅ ថ្ងៃទី ២៦​ ខែមេសា នេះ បន្ទាប់ពីឱពុករបស់ខ្លូនត្រូវបានអាជ្ញាធរវៀតណាម ចាប់ដាក់គុក នៅខេត្តមាត់ជ្រូក ដែនដីកម្ពុជាក្រោម កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ កន្លងទៅនេះ ។

យោងតាមលិខិតជាភាសាខ្មែរនិងអង់គ្លេសពីរច្បាប់របស់កូន លោក ចៅ ហេន ជូនប្រ ធានការិយាល័យអគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀខ្លួន (UNHCR) ប្រចាំទីក្រុងបឹងកក់ ប្រទេសថៃ ចុះថ្ងៃទី ២៦ មេសា ឆ្នាំ ២០១១ នេះ បានអំពាវនាវឲ្យ អង្គការ UNHCR ជួយធ្វើកិច្ចគាំពារដល់ខ្លួនក្នុងនាមជាជនភៀសខ្លួននយោបាយ ព្រោះ ខ្លួនមិនអាចវិលត្រឡប់ទៅផ្ទះនៅស្រុកកំណើតបានឡើយ ។ ខ្លឹមសារក្នុងលិខិតនេះ ដដែលបានអំពាវនាវឲ្យអង្គការ UNHCR ជួយជម្រុញដល់រដ្ឋាភិបាលវៀតណាមដោះ លែង លោក ចៅ ហេន ជាឱពុករបស់ខ្លួនចេញពីគុកផងដែរ ។

នៅថ្ងៃទី ២៦ ខែមេសានេះ កូនលោក ចៅ ហេន ទាំងពីរនាក់ គឺ លោក ចៅ សុខភាព និង លោក ចៅ សុខី បានទៅមុខការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដើម្បីជូនលិខិតអំពាវរបស់ខ្លួនដល់អង្គការមនុស្ស ធម៌ពិភពលោកមួយនេះ ដើម្បីបានទទួលឋានៈជាជនភៀសខ្លួន ក្រោយពីអង្គការនេះ បានច្រានចោលនូវសំណើរនេះកាលពីពេលកន្លងមក ។

ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១១ តុលាការប្រជាជនវៀតណាមខេត្តមាត់ជ្រូក (An Giang) បានប្រកាសសាលក្រមឲ្យលោក ចៅ ហេន (Chau Hen) ឱពុករបស់យើងខ្ញុំជាប់គុក ២ ឆ្នាំ ពីបទបំផ្លាញទ្រព្យសម្បត្តិសា ធារណៈ និងបង្កអសន្តិសុខសង្គម ដោយ លោក ចៅ ហេន បានធ្វើការទាមទារជាញឹកញាប់ទៅអាជ្ញាធរបក្សកុម្មុយនិស្តវៀតណាមឲ្យសងមកវិញ នូវ ដីកេរដូនតារបស់ខ្លូន ត្រូវបានអាជ្ញាធរវៀតណាមរឹបយកចែកឲ្យជនជាតិយួនកាលពីអំ ឡុងទសវត្សរ៍ ៨០ ។

ប្រភពព័ត៌មានពីកូនរបស់លោក ចៅ ហេន នៅប្រទេសថៃ បានឲ្យដឹងថា សព្វថ្ងៃ លោក ចៅ ហេន ជាឱពុករបស់ខ្លួន មានជម្ងឺយ៉ាងធ្ងន់ធរ ហើយត្រូវបានឆ្មាំគុកយួន ធ្វើទារុណកម្មរាល់ថ្ងៃ ៕

មុខការិយាល័យ UNHCR ទីក្រុងបឹងកក់ ប្រទេសថៃ ថ្ងៃ ទី ២៦ ខែមេសា ឆ្នាំ ២០១១ :
លោក ចៅ សុខី (ឆ្វេង) និង លោកចៅ សុខភាព កំពុងបង្ហាញ រូបថត លោក ចៅ ហេន ដែលកំពុងដេកសម្រាក់នៅក្នុងមន្ទីរ ពេទ្យយួននៅទីរួមខេត្តបារាជ (Long Xuyen) ទាំងជើងដៃជាប់ ខ្នោះច្រវាក់ ដល់អ្នកយកព័ត៌មានថៃ ។


ចុចដើម្បីពង្រីកមើលលិខិតអំពាវនាវរបស់កូន លោក ចៅ ហេន ជាភាសាខ្មែរ (ច្បាប់ចម្លងចេញពីច្បាប់ដើមសរសេរដោយដៃ)។


ចុចដើម្បីពង្រីកមើលលិខិតអំពាវនាវរបស់កូន លោក ចៅ ហេន ជាភាសាអង់គ្លេស (ច្បាប់ចម្លងចេញពីច្បាប់ដើមសរសេរដោយដៃ) ។


ចុចលើប៉ូតុងខាងក្រោមដើម្បីស្តាប់សេចក្តីរាយការណ៍ពី VOKK

Monday, April 25, 2011

សមាជិក​សភា​ទូល​ព្រះមហាវីរក្សត្រ​ឲ្យ​ជួយ​អន្តរាគមន៍​ពី​សិទ្ធិ​ខ្មែរ​ក្រោម

2011-04-23
ដែន អយុធ្យា/RFA

លោក យន្ត ថារូ ភ្នំពេញកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០០៩ ។


សមាជិក​សភា​មាន​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម មក​ពី​គណបក្ស សម រង្ស៊ី ទូល​ថ្វាយ​ព្រះមហាវីរក្សត្រ​ខ្មែរ ឲ្យ​ជួយ​លើក​យក​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​ជួប​ការ​លំបាក​ពេល​បច្ចុប្បន្ន ទៅ​ពិភាក្សា​ជាមួយ​​លោក​នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​​លោក​ដែល​មក​កម្ពុជា នៅ​ថ្ងៃ ​២៣ មេសា​នេះ។

សមាជិក​សភា​បក្ស​ប្រឆាំង​ចង់​ឃើញ​​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មាន​សិទ្ធិ​រស់​នៅ ក៏​ដូច​ជា​ប្រកប​របរ​ទទួលទាន​បាន​ដោយ​សេរី ដូចជា​ជនជាតិ​វៀតណាម កំពុង​រស់​នៅ​​ប្រទេស​កម្ពុជា​ដែរ ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ដែន អយុធ្យា ៖

Thursday, April 21, 2011

ក្រឹមមាសក្នុងដប


( បទកាកគតិ ឬ បទដំណើរក្អែក )




ក្រឹមមាសពូជត្រី
រស់ក្នុងកុន្នទី
ពុំស្គាល់សមុទ្ទ
បានចូលក្នុងដប
ម្ចាស់គាប់ស្នេហ៍ស្និទ្ធ
សម្ញែងពលឫទ្ធ
ដាក់តែគ្នាឯង ។
ស្រកីស្រកា
ដូចមាសភ្លឺថ្លា
ភ្លឺផ្លេកចិញ្ចែង
បាននៅក្នុងដប
ងប់ជោរម្នាក់ឯង
ពាលដាក់គេឯង
លែងស្គាល់ពូជភ្ងា ។
បញ្ចេញស្រកា
ដាក់ពូជមច្ឆា
ក្រឹមជាតិដូចគ្នា
ខ្លួននៅក្នុងដប
ស្មានថាសួគ៌ា
ខំប្រឹងជល់គ្នា
ផ្គាប់ផ្គុនម្ចាស់នាយ ។
រីឯក្រឹមក្តារ
គិតពិភាក្សា
នឹងក្រឹមទន្សាយ
ស្រងាកចិត្តថា
ក្រឹមមាសនឹងក្ស័យ
ព្រោះពូកែវ៉ៃ
បានតែគ្នាឯង ។
បើក្រឹមមាសខ្លាំង
គួរចេញតតាំង
នឹងពូជអណ្តែង
ដែលមានពិសពុល
គ្រោះថ្នាក់ក្រៃលែង
មិនគួរចំបែង
គ្នាឯងសោះឡើយ ។
ម្ចាស់លែងត្រូវការ
ចាប់ច្រាស់ស្រកា
ស្លនឹងល្មៀតហើយ
ជប់លៀងព្រៀងលាន
សប្បាយរំភើយ
ក្រឹមមាសក្ស័យហើយ
គ្មានឡើយស្រណោះ ៕ ៚

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែចេត្រ ឆ្នាំ ថោះត្រីស័ក ព.ស. ២៥៥៤ (២១ មេសា ២០១១)
និពន្ធដោយ ថាច់ ប្រីជា គឿន



-----------------------------------------------------------------------

ពន្យល់ពាក្យៈ



ក្រឹម ( ន. ) ឈ្មោះត្រីមួយពួកតូចៗ; ត្រីក្រឹមមានបីយ៉ាង : ត្រីក្រឹមមាស (សម្រាប់ជល់), ត្រីក្រឹមទន្សាយ និង ត្រីក្រឹមក្ដារ មិនចេះជល់ទេ ។ ឈើជ្រៃមួយប្រភេទ មានស្លឹកល្អិត ច្រើនដុះពឹងអាស្រ័យនឹងឈើឯទៀត ហើយមានពួររួបរឹតឈើឯទៀតនោះផង:ជ្រៃក្រឹម។

អណ្ដែង ( ន. ) ឈ្មោះត្រីរំអិល ក្បាលសំប៉ែត មានពុកមាត់ មានធ្មុងពីរ មានពិស កាល ណាមុតសាច់មនុស្សឈឺចាប់ពើត; ត្រីអណ្ដែងមាន ២ ប្រភេទគឺ អណ្ដែងងាំង មាឌតូចជាងអណ្ដែងទន់ ក្បាលធំទ្រងាងសាច់ហាប់; អណ្ដែងទន់ មាឌធំជាង អណ្ដែងងាំងសាច់ទន់ជ្រាយ ។

កុន្នទី (អានថាៈ កុន នៈ ទី) ស្ទឹង ឬ ទន្លេតូច ។
នទី (អានថាៈ នៈទី កុំអានថាៈ ន-ទី) សំ. បា. ( ន. ) ស្ទឹង, ទន្លេ ។ កុន្នទី ស្ទឹងឬទន្លេតូច; មហានទី ស្ទឹងឬទន្លេធំ ។

ស្រកា ( ន. ) សំបកឬបន្ទះតូចៗ ស្ដើងៗ ខ្លីៗ ដែលស្រោបជាប់ពីក្រៅស្បែក ត្រីពួកខ្លះឬពស់ជាដើម : ស្រកាត្រី, ស្រកាពស់ ។ ស្រកាពង្រូល ស្រកាសត្វ ពង្រូល (ធំៗក្រាស់ៗជាងស្រកាត្រីនិងពស់) ។ ត្រីស្រកា ត្រីដែលមានស្រកា ។ បែកស្រកា ប្រេះស្បែកបន្តិចៗជាក្រឡាៗ : ត្រូវខ្យល់ខែកត្តិកបែកស្រកាព្រោង, ស្គមបែកស្រកា ។

ព. សា. ( កិ. ) ច្រាស់យកស្រកាត្រីចេញ : យកត្រីទៅស្រកាឲ្យហើយទៅ ! (គួរនិយាយថា យកត្រីទៅច្រាស់ស្រកាឲ្យហើយទៅ !) ។

ល្មៀត (ម. ព. រមៀត) ។
រមៀត ( ន. ) ប្រទាលមួយប្រភេទ មានក្លិនប្រហើរ គេដាំយកមើមជារបររាយរង, សម្រាប់ប្រើជាគ្រឿងជ្រលក់យកព័ណ៌លឿង, ប្រើជាលម្អិតដែលហៅថា ម្សៅរមៀត សម្រាប់លាបរាងកាយ, ប្រើជាថ្នាំរម្ងាប់រោគ,... ឬប្រើទាំងស្លឹកទាំងមើមធ្វើជាគ្រឿង សម្លក៏បាន; រមៀតមានច្រើនប្រភេទ : រមៀតសម្ល សាច់មើមមានសម្បុរលឿងខ្ចី ច្រើនប្រើជាគ្រឿងសម្ល; រមៀតក្រចកអក មើមតូចៗខ្លីៗខុបៗសម្បុរក្រហមឆ្អៅ; រមៀតសំពៅ មើមថ្លោសៗសម្បុរលឿងចាស់,... ។ វល្លិមួយប្រភេទសាច់ដើមសម្បុរ លឿងស្រដៀងនឹងមើមរមៀតច្រើនប្រើធ្វើជាថ្នាំរម្ងាប់រោគ : វល្លិរមៀត ។ ល្មៀត

ព្រៀងលាន ( ន. ) អ្នកដទៃ ឬអ្នកកន្ទៀត ដែលនៅភូមិជាមួយគ្នា រាប់អានគ្នា ទុកស្មើញាតិសន្តាន : ញាតិព្រៀងលាន, សន្តានព្រៀងលាន (ហៅថា ញាតិ ភូមិផង ឬ ញាតិភូមិផងរបងជាមួយ ក៏បាន) ។

វចវនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត)

Tuesday, April 19, 2011

មនុស្សជាង ១.០០០ នាក់ ចុះហត្ថលេខាលើញត្តិស្នើឲ្យផ្តល់សេរីភាពដល់លោក កូវ ហ្វី ហាវូ

ដោយ ថាច់ ជំរឿន/The Prey Nokor News

រយៈពេល ១០ ថ្ងៃក្រោយពីមានញត្តិមួយទាមទារឲ្យអាជ្ញាធរបក្សកុម្មុយនិស្តវៀតណាម ដោះលែង លោក កូវ ហ្វី ហាវូ មានមនុស្សជាង ១.០០០ នាក់ចូលរួមចុះហត្ថលេខាគាំ ទ្រ ។ បណ្តាមនុស្សដែលបានចុះហត្ថលេខាគាំទ្រនោះ ភាគច្រើនជាប្រជាជនយួននិង អ្នករកស៊ីនៅក្នុងប្រទេសវៀតណាត ។

លោក កូវ ហ្វី ហាវូ ។


ក្រោយពីអង្គសវនាការនៃតុលាការប្រជាជនបក្សកុម្មុយនិស្តវៀតណាមបានប្រកាស សាលក្រមកាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១១ ដែលគេចាត់ទុកថា គ្មានយុត្តិធម៌ លើ បណ្ឌិត កូវ ហ្វី ហាវូ ឲ្យជាប់គុក ៧ ឆ្នាំ និង ៣ ឆ្នាំឃុំឃាំងក្នុងផ្ទះ ពីបទ «ឃោស នាប្រឆាំងរដ្ឋាភិបាល » នោះមក គេហទំព័រវៀតណាមមួយឈ្មោះ Bauxite វៀតណាម កាលពីថ្ងៃទី ០៩ ខែមេសា កន្លងទៅនេះ បានចងក្រងញត្តិសំណើមួយផ្ញើទៅគ្រប់ ស្ថាប័ននៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម និងទារទាមឲ្យរដ្ឋាភិបាលបក្សកុម្មុយ និស្តមួយនេះដោះលែងលោក កូវ ហ្វី ហាវូ ជាបន្ទាន់ ។ Bauxite Việt Nam ក៏បានអំ ពាវនាវឲ្យពលរដ្ឋវៀតណាមទាំងក្នុងនិងក្រៅប្រទេស រួមគ្នាចុះហត្ថលេខាលើញត្តិនេះ ផងដែរ ។

ញត្តិ «ស្នើសុំដោះលែងលោក កូវ ហ្វី ហាវូ» គ្រាន់តែចេញផ្សាយលើគេហទំព័រនៅ ថ្ងៃដំបូងឃើញថា មានមនុស្សដល់ទៅ ៥០០ នាក់ចុះហត្ថលេខាគាំទ្រ ក្នុងនោះ មាន ក្រុមបញ្ញជន កម្មាភិបាលជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម និងប្រជាជន សាមញ្ញផងដែរ ។

ចំនួនអ្នកគាំទ្រនៅតែមានការកើនឡើងជាលំដាប ។ បើគិតរហូតដល់ថ្ងៃទី ១៨ ខែមេសា ម្សិលមិញនេះ គឺមានរយៈពេល ១០ ថ្ងៃគត់ក្រោយពីញត្តិនេះ បានចេញផ្សាយជាសាធារ ណៈនៅលើគេហទំព័រ ។ គេហទំព័រ Bauxite Việt Nam បានឲ្យដឹងថា ពលរដ្ឋវៀតណាម បានចេញមុខចុះហត្ថលេខាទាមទារឲ្យអាជ្ញាធរវៀតណាមធ្វើការស៊ើបអង្កេតលើករណី លោក កូវ ហ្វី ហាវូ ឡើងវិញ ដល់ទៅ ១.០០១ នាក់ ។

បញ្ជីរាយនាមអ្នកគាំទ្រដែលបានចុះហត្ថលេខាលើកទី ២ ត្រូវបានគេហទំព័រ Bauxite Việt Nam ចេញផ្សាយជាសាធារណៈ ភាគច្រើនគឺពលរដ្ឋវៀតណាមអ្នកនៅ ក្នុងប្រទេស ក្នុងនោះគេសង្កេតឃើញលោក ជូ ហាវ (Chu Hảo) នាយកក្រសួងវិទ្យា សាស្ត្របច្ចេកវិជ្ជា និង បរិស្ថាន លោក ង្វៀង ដាំង ម៉ាន់ (Nguyễn Đăng Mạnh) សាស្ត្រាចារ្យអក្សរសាស្ត្រវៀតណាម លោក ង្វៀង វ៉ាង ឡឹប (Nguyễn Quang Lập) អ្នកនិពន្ធ និង លោក ត្រឹង ម៉ាន់ ហាវ (Trần Mạnh Hảo) ជាកវីនិពន្ធកំណាព្យ ។

សូមបញ្ជាក់ថា ករណី ចាប់ខ្លួន ផ្តន្ទាទោស និងការកាត់ទោស លោក កូវ ហ្វី ហាវូ នៃរដ្ឋា ភិបាលវៀតណាមត្រូវបានអង្គការសិទ្ធិមនស្សអន្តរជាតិនានាថ្កោលទោសយ៉ាងខ្លាំង ។ ក្រៅពីនេះ សហរដ្ឋអាមេរិក និងសភាអ៊ឺរុបក៏មានការចាប់អារម្មណ៏អំពីបញ្ហានេះដែរ ៕

Monday, April 18, 2011

គដល់ស្លាប់

(កំណាព្យមេពាក្យ ៩)




មើលមាឌហំធំរលើបរលង់ស្រិល
គ្មានកង្វល់និមលឈរកំដរផ្លួវ
មើលសម្បកដក់ស្នេហ៍ស្និទ្ធគិតនិត្យនៅ
តែចិត្តពៅអាស្រូវពិតឥតខ្លឹមក្នុង ។

ឈរមាត់ច្រកដកដង្ហើមពុំចេញស្តី
ដូចចំណងចងមាត់ស្រីថ្លៃអនង្គ
ឲ្យធ្វើ«គ»ឈរហាលខ្យល់ដល់ថ្លៃថ្លង់
ហៅព្រលឹងសឹងតែស្លាប់ស្តាប់មិនឮ ។

តើអ្នកណាបញ្ជាមក៍ឲ្យឈរធ្មឹង
ឈរខួបប្រាំងទាំងភ្លៀងខ្យល់មិនខ្វល់ឈឺ
«គ»យូរហើយឈ្មមត្រាណត្រើយឆ្លើយបំភ្លឺ
ឲ្យបានឮបំភ្លឺជាតិឃ្លាតមរណា ។

ទោះព្រលឹងធ្មឹងមិនស្តីពីការពិត
ដែលវរមិត្តគិតសញ្ជប់កប់ចិន្តា
គង់ស្លាប់«គ»តកូនចៅពង្សាវតារ
ធ្វើម្តេចទៅពៅកនិដ្ឋាជាពូជ«គ» ៕

ថ្ងៃចន្ទ ១៥ កើត ខែចេត្រ ឆ្នាំថោះត្រីស័ក ព. ស. ២៥៥៤ (១៨ មេសា ២០១១)
និពន្ធដោយ ថាច់ ប្រីជា គឿន

---------------------------------------------------------------

កំណត់សម្គាល់ៈ

*ធ្មឹង ( កិ. វិ. ) នៅ​ស្ងៀម​មិន​ស្ដី, ទ្រមឹង : អង្គុយ​ធ្មឹង, ឈរ​ធ្មឹង ។

*បំភ្លឺ ( កិ. ) ធ្វើ​ឲ្យ​ភ្លឺ គឺ​អុជ​ភ្លើង, លើក​ភ្លើង, ទ្រោល​ភ្លើង​ឲ្យ​ភ្លឺ ឬ​និយាយ​ពន្យល់​ឲ្យ​ភ្លឺ​គំនិត​ប្រាជ្ញា ។ (ព. ប្រ.) បំភ្លឺ​ជាតិ គឺ​ញ៉ាំង​ជាតិ​របស់​ខ្លួន​ឲ្យ​ភ្លឺ ឲ្យ​ប្រព្រឹត្ត​ទៀង​ត្រង់ ឲ្យ​កាន់​សុចរិត​យុត្តិធម៌ (ព. ផ្ទ. បំព្រៃ​ជាតិ) ។ បំភ្លឺ​ប្រទេស គឺ​ធ្វើ​ប្រទេស​របស់​ខ្លួន​ឲ្យ​ភ្លឺ​លូត​លាស់​ចម្រើន ឲ្យ​រុងរឿង ឲ្យ​ថ្កើងថ្កាន (ព. ផ្ទ. បំព្រៃ​ប្រទេស) ។ បំភ្លឺ​លោក គឺ​ញ៉ាំង​លោក​ឲ្យ​ភ្លឺ ឲ្យ​រុងរឿង ឲ្យ​ប្រកប​ដោយ​សុចរិត​យុត្តិធម៌, ឲ្យ​បាន​សុខ​ស្ងប់ : អ្នក​ប្រាជ្ញ​ទាំងឡាយ ជា​មនុស្ស​បំភ្លឺ​លោក; ព្រះ​ពុទ្ធ​និង​ព្រះ​អរហន្ត​ទាំងឡាយ ជា​អ្នក​បំភ្លឺ​លោក ខាង​ការ​ពន្យល់​ឲ្យ​សត្វ​លោក​រាវ​រក​ធម៌ ដើម្បី​រំលត់​ទុក្ខ​ឃើញ ។ល។ ព. ផ្ទ. មនុស្ស​បំព្រៃ​លោក, ពាល ។

*មរណា (អានថាៈ មៈរៈណា ឬ ម-រៈនា) ( ន. ) (ពហុ. របស់ មរណ) សេចក្ដី​ស្លាប់ (ព. កា.) ។ មរណាភិប្រាយ ដំណើរ​ចង់​ស្លាប់, ការ​តាំង​ចិត្ត​នឹង​សម្លាប់​ខ្លួន (ម. ព. អភិប្រាយ ផង) ។ មរណា​សន្នកម្ម (មៈរៈណាសន់-ន៉ៈក័ម) អំពើ (ល្អ​ឬ អាក្រក់) ដែល​ធ្វើ​ក្នុង​កាល​ជិត​ស្លាប់ ។ មរណា​សន្នកាល (មៈរៈណាសន់-ន៉ៈ--) កាល​ឬ​វេលា​ជិត​ស្លាប់ ។

*សញ្ជប់ ( កិ. ឬ កិ. វិ. ) ជ្រប់​មុខ​ស្រពោន​ស្រពាប់​ក្រៀមក្រំ : កើត​ទុក្ខ​សញ្ជប់, អង្គុយ​សញ្ជប់ ។ សញ្ជប់​សញ្ជឹង ឬ សញ្ជឹង​សញ្ជប់ សញ្ជប់​ទ្រឹងទ្រមឹង​ទ្រមើយ ។

*កនិដ្ឋា (អានថាៈ កៈ-និត-ឋា) បា. ( ន. ) (កនិដ្ឋ) ប្អូន, ប្អូន​តូច, ប្អូន​ពៅ ។ ច្រើន​ប្រើ​ក្នុង​ពាក្យ​កាព្យ ហៅ​ស្ត្រី​ជា​គូ​សង្សារ, គូ​សំឡាញ់ : ឲ្យ​តែ​បាន​ជួប​កែវ​កនិដ្ឋា សម​តាម​ប្រាថ្នា​នៅ​នែបនិត្យ បង់​ខាត​ប៉ុន្មាន​រៀម​ពុំ​គិត ស៊ូ​ប្ដូរ​ជីវិត​ឥត​ងាក​រេ ។

*គ ព្យញ្ជនៈ​ទី ៣ ក្នុង​វគ្គ​ទី ១ ជា​កណ្ឋជៈ មាន​សំឡេង​ក្នុង​បំពង់ក ជា​សិថិល ឃោសៈ, សម្រាប់​ភាសា​ខ្មែរ, ផ្សំ​នឹង​ស្រៈ អ អា អិ អី ។ល។ អុំ អំ អាំ អះ សំឡេង អ៊ អ៊ា អ៊‌ិ អ៊‌ី ។ល។ អ៊ុំ អ៊ំ អ៊ំា អ៊ះ ជា គ គា គិ គី ។ល។ គុំ គំ គាំ គះ ។ (ស្រៈ​សំឡេង​ធំ​ទាំង​នេះ មិន​បាច់​ប្រើ​ត្រី​សព្ទ (៊) ទេ គ្រាន់​តែ​អាន​ឲ្យ​មាន​សំឡេង​ធំ ផ្សំ​នឹង​ព្យញ្ជនៈ​សំឡេង​ធំ ឲ្យ​ងាយ​យល់​សំឡេង​ប៉ុណ្ណោះ) ។

( គុ. ) ឥត​សំដី : មនុស្ស​គ ។ បើ​លោហ​ជាតិ​វិញ​ថា ឥត​សូរ : ប្រាក់​គ ។

( ន. ) ឈ្មោះ​ឈើ​ជា​ដំណាំ ផ្លែ​មាន​សរសៃ​ជា​ប៉ុយ​សំឡី​សម្រាប់​ច្រក​ញាត់​ខ្នើយ, កែប, ពូក ជាដើម : ព្រះ​សម្ពុទ្ធ​ទ្រង់​បញ្ញត្ត​ហាម មិន​ឲ្យ​ភិក្ខុ​សាមណេរ ប្រើប្រាស់​ពូក​ញាត់​សំឡី​គ, ទ្រង់​អនុញ្ញាត​ឲ្យ​ប្រើ​ពូក​ញាត់​ស្មៅ, ញាត់​ជក់​ដូង​ជាដើម​បាន, ឯ​កែប, ខ្នើយ​ឲ្យ​ញាត់​សំឡី​គ​បាន ។

អនង្គ (អានថាៈ អៈនង់ ឬ ត. ទ. ស្រ. អៈ ណុង) សំ. ( ន. ) (< អន៑ “ឥត” + អង្គ “រូប​អង្គ” = អ្នក​ដែល​ឥត​រូប​អង្គ) អទិស្សមាន​កាយ​ពួក​មួយ​ហៅ​ថា កាម​ទេព ជា​អ្នក​នាំ​បណ្តាល​ឲ្យ​កើត​សេចក្ដី​ត្រេក​ត្រអាល ។ ខ្មែរ​ប្រើ​ជា​ពាក្យ​ប្រៀប សំដៅ​សេចក្ដី​ថា “ស្ត្រី​មាន​រូប​ល្អ, នាង​មាន​លំអ, នាង​ឆើតឆោម” : អនង្គ​ថ្លៃ, អនង្គ​មាស​ស្ងួន, កែង​អនង្គ (ព. កា.) : អនង្គ​មាស​ថ្លៃ ចុះ​នាង​សព្វ​ថ្ងៃ ធ្វើ​ការ​ងារ​អ្វី នៅ​ជា​កញ្ញា ឬ​មាន​ប្តី​សី ចូរ​នាង​ស្រដី ប្រាប់​តាម​ពិត​មក ។ល។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អៈនុ័ង-គៈ ឬ អៈនង់-គៈ, ដូច​ជា អនង្គ​ក្រីឌា ល្បែង​នាំ​ឲ្យ​កើត​សេចក្ដី​ត្រេក​ត្រអាល, ល្បែង​ដែល​នាំ​ឲ្យ​ងប់​ចិត្ត​ស៊ប់​ទៅ​រក​កាម។ អនង្គ​លេខា សំបុត្រ​ផ្តោះផ្តង​ទៅ​រក​កាម, សំបុត្រ​ចែចង់ ។ អនង្គ​វិទ្យា ឬ--សាស្រ្ត វិទ្យា​ឬ​សាស្រ្ត​ខាង​ផ្លូវ​នាំ​ឲ្យ​ត្រេក​ត្រអាល ។ អនង្គ​សម្ភាស ឬ--សម្ភាសន៍ ការ​និយាយ​ផ្តោះផ្តង​ទៅ​រក​កាម; ការ​និយាយ​ចែចង់ ។ អនង្គ​សម្ភាសា សម្ដី​ផ្តោះផ្តង​ទៅ​រក​កាម; សម្ដី​ចែចង់ ។ល។

(វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត)

Sunday, April 17, 2011

ល្បែង​ប្រជាប្រិយ​បាត់បង់​នៅ​កម្ពុជា​ក្រោម

ដោយ ទីន ហ្សាការីយ៉ា/RFA
2011-04-16

នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​កម្ពុជា ចូល​រួម​សប្បាយ​លេងល្បែង​ប្រជាប្រិយ​ផ្សេងៗ នៅ​ក្នុង​បរិវេណ​វត្ត​នានា​ទាំង​ទីក្រុង និង​ជនបទ ។

ពិធីស្រង់ទឹកព្រះនៅថ្ងៃឡើងស័កនៃវត្តសាសនសាមគ្គីរង្សី (អូរត្រាវ) ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ។


ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មេសា ថា​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា ដែល​ភៀស​ខ្លួន​រស់​នៅ​ឯ​បរទេស បាន​ចូល​រួម​សប្បាយ​រីក​រាយ​នៅ​ក្នុង​ទិវា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ ខ្មែរ មិន​ខុស​ពី​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​នេះ​ទេ ប៉ុន្តែ​ទំនៀម​ទម្លាប់​ខ្មែរ​ដែល​តែង​តែ​លេង​ល្បែង​ប្រជាប្រិយ​ផ្សេងៗ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ពួក​គេ​មិន​បាន​លេង​ នោះ​ទេ ។

លោក ថាច់ ង៉ុកថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​សហ​រដ្ឋ​អាមេរិក​មក​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​រស់​នៅ​ក្នុង​រដ្ឋ​នីមួយៗ នៃ​សហ​រដ្ឋ​អាមេរិក និង​អ្នក​រស់​នៅ​ទឹក​ដី​កម្ពុជា​ក្រោម​បច្ចុប្បន្ន បាន​នាំ​គ្នា​ទៅ​វត្ត​ដូច​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ដែរ ដើម្បី​យក​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ ធ្វើ​ពិធី​បង្សុកូល ធ្វើ​ពិធី​ស្រង់​ព្រះ ពូន​ភ្នំ​ខ្សាច់​ជា​ដើម ប៉ុន្តែ​ពួក​គេ​មិន​បាន​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ដូច​ជា​ចោល​ឈូង បោះ​អង្កុញ លាក់​កន្សែង ទាញ​ព្រ័ត្រ​នោះ​ទេ។

លោក ថាច់ ង៉ុកថាច់ បាន​បញ្ជាក់​ថា បាន​ជា​ល្បែង​ប្រជាប្រិយ​ទាំង​នេះ​បាត់​បង់​នៅ​ក្រោយ​ពេល​ទឹក​ដី​កម្ពុជា​ ក្រោម ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​កាន់​កាប់​អំណាច​មក ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​គ្មាន​អ្នក​ណា​បង្ហាត់​បង្រៀន​ដល់​ប្រជា​ពល​ រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទៀត​ទេ គួប​ផ្សំ​និង​ពួក​គេ​រស់​នៅ​ទី​នោះ គ្មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ផង ។

ដោយ​ឡែក​សម្រាប់​អ្នក​រស់​នៅ​សហ​រដ្ឋ​អាមេរិក​វិញ ក៏​ដូច​គ្នា​ដែរ ការ​លេង​ល្បែង​ប្រជាប្រិយ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នេះ គ្មាន​អ្នក​លេង​នោះ​ទេ ព្រោះ​ថា​នៅ​ទី​នោះ​មិន​មែន​ជា​ប្រទេស​របស់​ខ្លួន អ្នក​ខ្លះ​មាន​ពេល​បន្តិច​បន្តូច​ដើម្បី​ទៅ​វត្ត ព្រោះ​គេ​រវល់​ធ្វើ​ការ ។

លោក ថាច់ ង៉ុកថាច់ បាន​បញ្ជាក់​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​សហ​រដ្ឋ​ អាមេរិក តាំង​ពី​ឆ្នាំ​១៩៨០ មក ដែល​បច្ចុប្បន្ន​វត្ត​ខ្មែរ​កម្ពុជា​នៅ​ទីនោះ​មាន​ប្រមាណ ១០​ វត្ត ។

នៅ​ឯ​ប្រទេស​អូស្ត្រាលី​ឯណោះ​វិញ ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​បាន​នាំ​គ្នា​ទៅ​វត្ត​អារាម​ផង​ដែរ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ។

ព្រះតេជព្រះគុណ ថាច់ សុខ​សំបូរ គង់​នៅ​វត្ត​ពុទ្ធិក​កម្ពុជា​ក្រោម​នៃ​ប្រទេស​អូស្ត្រាលី មាន​ថេរ​ដីកា​ជួន​ពរ​ប្រជា​ពល​រដ្ឋ​ខ្មែរ ដែល​រស់​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ផង​ដែរ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​កម្ពុជា​ឯ​នេះ​វិញ គេ​សង្កេត​ឃើញ​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​មិន​សូវ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​នៅ​តាម​ភូមិ​ទេ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ដែល​ជា​ថ្ងៃ​បញ្ចប់​នេះ គឺ​គេ​លេង​នៅ​តាម​ទី​ធ្លា​វត្ត ៕

Saturday, April 16, 2011

ពូជមាន់ជល់


( កំណាព្យមេពាក្យ ៩ )



ពូជអណ្ឌៈញាស់ពីមាន់មេតែមួយ
កើតទុក្ខព្រួយកូនមួយគ្រករកជល់គ្នា
ភ្លេចសម្បុកស៊កចំបើងទ្រាប់ពងភ្ងា
ផ្គាប់ម្ចាស់ថ្មីចិត្តពាលាជាសត្រូវ ។

ម្ចាស់ចិញ្ចឹមត្រឹមទុកជល់ភ្នាល់ចំណេញ
ឲ្យចំណីឆីឥតម្នេញវេញតម្រូវ
ទទះស្លាបជាប់ក្នុងជាលពាលពេកកូវ
ប្រឹងរងាវស្ទាវរងើមិនពើស្លាប់ ។

គំនិតណោតឆោតឆៅឆេវរងាវកាយ
សម្រួចខ្នាយកាយសម្ញែងរែងសណ្តាប
ភ្លេចផៅពងក្នុងសម្បុកគ្រកមេក្រាប
ជល់ដល់ស្លាប់ដាបលោហិតដិតធរណី ។

កិច្ចសម្រេចស្រេចតែម្ចាស់ខ្ទះរងចាំ
ទឹកក្តៅដាំត្រាំអានាងលាងឆាខ្ញី
ជាអាហារការលៀងភ្ញៀវឆែវមេត្រី
ជីវិតស្លាប់អាប់ឥតន័យក្ស័យកិត្តិយស ៕

ថ្ងៃសៅរ៍ ១៣ កើត ខែចេត្រ ឆ្នាំថោះត្រីស័ក ព.​ ស. ២៥៥៤ (១៦ មេសា ២០១១)
និពន្ធដោយ ថាច់ ប្រីជា គឿន


-------------------------------------------------------------------

កំណត់សម្គាល់ៈ

*គ្រក ( ន. ) ហ្វូង​សត្វ​មួយ​មេ, ដូច​ពាក្យ​ថា មាន់​បណ្ដើរ​កូន​មួយ​គ្រក ។ កិ. វិ. ច្រើន​គ្នា, ទាំង​ហ្វូង, ទាំង​សណ្ដោង, ទាំង​គ្រួ : នាំ​គ្នា​ទៅ​មួយ​គ្រក ។

*ណោត : ពាក្យនិយមប្រើនៅកម្ពុជាក្រោមស្នើនឹងពាក្យ «ឆោត» ។
ឆោត ( គុ. ) ដែល​ងាយ​បញ្ឆោត : មនុស្ស​ឆោត, គំនិត​ឆោត ។ ឆោតឆៅ គុ. ដែល​ឆោត​ខ្លៅ​ឆៅ​គំនិត ។

*សណ្ដាប សំ. បា. ( កិ. វិ. ) (សន្ដាប “ក្ដៅ​ខ្លាំង; កម្តៅ​ខ្លាំង”) ដែល​ខំ​ប្រឹង​ពេញ​កម្លាំង​ឬ​ពេញ​ទំហឹង​បែក​ញើស​ដាប : ខំ​ដើរ​សណ្ដាប; រត់​សណ្ដាប; ធ្វើ​ការ​នឿយ​សណ្ដាប ។

*ផៅពង : ពូជដែលកើតចេញពីពង ឬ ពីស៊ុត ។

Friday, April 15, 2011

ខ្សែភាពយន្តវៀតណាមរឿង «ចូររាំបទសារិកាកែវជាមួយអូន» ត្រូវហាមចាក់បញ្ចាំងនៅលើទូរទស្សន៍

ដោយ សឺង មាលា/The Prey Nokor News

ខ្សែភាពយន្តផលិតដោយជនជាតិយួន នៃ «ផលិតកម្មភាពយន្តមាស» ស្តីអំពីជនជាតិ ខ្មែរឬ ខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ត្រូវបានក្រសួងជនជាតិ (UBDT) នៃរដ្ឋាភិបាល បក្សកុម្មុយនិស្តវៀតណាមហាមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍វៀតណាម (VTV1) ក្រោយពីខ្សែភាពយន្តដែលមានប្រវែង ៣០ ភាគ មួយនេះ ធ្វើការចាក់បញ្ចាំងបានមួយ ភាគកាលពីថ្ងៃទី ២១ ខែកុម្ភៈ កន្លងទៅនេះ ។ មូលហេតុនាំឲ្យខ្សែភាពយន្តនេះត្រូវបាន ហាមឃាត់ធ្វើការចាក់បញ្ចាំងនោះ ព្រោះមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ជនជាតិខ្មែរ នៅដែនដីកម្ពុជាក្រោមថា ខ្លឹមសារនិងការដឹកនាំសម្តែងរឿងនេះ មិនត្រឹមត្រូវតាមជីវ ភាពនៃការរស់នៅ វប្បធម៌ និង សាសនារបស់ខ្មែរក្រោមឡើយ ។

បដាផ្សាយពាណិជ្ជកម្មរឿង «ចូររាំបទសារិកាកែវជាមួយអូន» នៅលើ គេហទំព័រ


ក្រុមតារាសម្តែង និង គណៈកម្មការដឹកនាំរឿងនេះ ។


លោក ជូ តឹង ថាន់ (Chu Tuấn Thanh) ប្រធានឃោសនិក (អ្នកនាំពាក្យ) នៃគណៈកម្មា ធិការជនជាតិ (Ủy ban Dân tộc) របស់រដ្ឋាភិបាលវៀតណាមបានផ្តល់បទសម្ភាសន៍ដល់ អ្នកយកព័ត៌មាន សាយហ្គងយ៉ាយផុង (Sai Gon Giai Phong) អំពីមូលហេតុដែលនាំឲ្យ ក្រសួងបិទឈប់ឲ្យខ្សែភាពយន្ត «ចូររាំបទសារិកាកែវជាមួយអូន» [យួនៈ “Hãy cùng em điệu Sarikakeo” ] ថា បន្ទាប់ពីបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ចប់ភាគទី ១ នៃ រឿងនេះ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១១ ឃើញថា មានប្រតិកម្មយ៉ាងខ្លាំងពីសំ ណាក់ជនជាតិខ្មែរ ព្រោះខ្លឹមសារនិងសាច់រឿងនេះ មិនត្រឹមត្រូវតាមវិន័យរបស់ព្រះ សង្ឃថេរវាទខ្មែរ និងស្ថានភាពពិតរបស់ជនជាតិខ្មែរ​ឡើយ ។

លោក ជូ តឹង ថាន់ (Chu Tuấn Thanh) បានមានប្រសាសន៍បន្តលើកជាឧទាហរណ៍អំពី កំហុសនៃវគ្គខ្លះក្នុងសាច់រឿងថាយ៉ាងនេះ ៖ “ព្រះសង្ឃថេរវាទខ្មែរត្រូវកោររោមចិញ្ចើម តែក្នុងរឿងនេះព្រះសង្ឃមិនបានកោរចិញ្ចើញ និង នៅពេលព្រះសង្ឃបិណ្ឌបាត្រ ព្រះ ហស្ថទាំងពីរត្រូវឱបបាត្រពីមុខ តែព្រះសង្ឃក្នុងរឿងបែរជាលើកដៃប្រណប (សំពះ) ។ ចំពោះសម្តីសំដៅវិញ គ្រហស្ថទូលទៅកាន់ព្រះសង្ឃ ត្រូវនិយាយថា ព្រះតេជព្រះគុណ លោកបង លោកចៅ លោកកូន លោកមា លោកក្មួយ ជាដើម តែក្នុងរឿងនេះ ក្នុងភា សាយួនពោលថា «ណ៎=nó» មានន័យជាភាសាខ្មែរថា «វា ឬ អ្ហែង» ជាដើម ” ។

លោក ជូ តឹង ថាន់ (Chu Tuấn Thanh) បានមានប្រសាសន៍បន្តទៀតថា លោកបានធ្វើការ បិទការចាក់បញ្ចាំងរឿងនេះសិន ដើម្បីឲ្យផលិតកម្មនេះ ធ្វើការកែតម្រូវរូបភាពនៃសាច់ រឿងហើយក្រសួងពិនិត្យជាមុន ទើបអាចយកទៅចាក់បញ្ចាំងបន្តបាន ។

សូមបញ្ជាក់ថា ខ្សែភាពយន្តវៀតណាមរឿង «ចូររាំបទសារិកាកែវជាមួយអូន» ដែល ភាសាយួនហៅថា “Hãy cùng em điệu Sarikakeo” និពន្ធដោយអ្នកស្រី ង្វៀង ធីហុង ស្វឹង( Nguyễn Thị Hồng Xuân) និងដឹកនាំរឿងដោយលោក ត្រឿង ស៊ើង ហាយ (Trương Sơn Hải) រួមសហការជាមួយទូរទស្សន៍វៀតណាម (VTV) ចំណាយប្រាក់អស់ចំនួន ៦ កោដិដុង ( 6 tỷ đồng) ជារឿងឆ្លុះបញ្ចាំងអំពីប្រព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងភូមិ ក្រីក្រមួយរបស់ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ក្នុងទសវត្សរ៍ ៨០ ។

សាច់រឿងនេះនិយាយអំពី ជីវិត ប្រពៃណី វប្បធម៌ របស់ខ្មែរក្រោម ក្នុងនោះមានបង្ហាញ អំពីពិធីបុណ្យមួយចំនួន ដូចជា បុណ្យអកអំបុកសំពះព្រះខែ បុណ្យបួងសួងសុំទឹកភ្លៀង បុណ្យប្រណាំងគោនៅខេត្តមាត់ជ្រូក បុណ្យពូនភ្នំខ្សាច់ និងបុណ្យឈាបនកិច្ច (បុណ្យសព) និងពិធីអាពាពិពាហ៍ ជាដើម ។

តួអង្គសំខាន់ក្នុងរឿងនេះរួមមាន សុភា ជាស្រីខ្មែរក្រោមម្នាក់មានទេពកោសល្យខាងរបាំ និងចេះច្រៀងបទចម្រៀងខ្មែរដ៏ពិរោះ លបស្រឡាញ់ព្រះសង្ឃខ្មែរក្រោមមួយអង្គព្រះ នាម ថាច់ វង្ស តែត្រូវបានព្រះសង្ឃអង្គនេះបដិសេធសេចក្តីស្នេហា ព្រោះព្រះអង្គជា សង្ឃត្រូវមានកាតព្វកិច្ចបួសរៀនប្រតិបត្តិធម៌អាថ៌វិន័យទាំងផ្លូវលោកផ្លូវធម៌ ។ ក្រោយពី សុភា ត្រូវបានព្រះសង្ឃនាម វង្ស បដិសេធសេចក្តីស្រឡាញ់ នាងក៏បានគេចខ្លួនចាក ចេញឆ្ងាយពីភូមិស្រុក ហើយទៅលាក់ខ្លួនរៀនមុខវិជ្ជាតម្បាញម្នាក់ឯង ហើយត្រូវបាន បុរសជនជាតិយួនម្នាក់ឈ្មោះ ត្រឹង ណាម (Trần Nam) សុំសេចក្តីស្រឡាញ់ ។ រឿងនេះ ត្រូវបានបញ្ចប់ដោយពិធីអាពាហ៍ពិពាហ៍រវាង សុភា និង អន្ទិត វង្ស ក្រោយពីបានលាចាក សក្ខាបទពីផ្នួសមក ។

រឿង «ចូររាំបទសារិកាកែវជាមួយអូន» នៅលើគេហទំព័រលិតកម្មភាពយន្តមាស


រូបភាពឈុតខ្លះក្នុងរឿង «ចូររាំបទសារិកាកែវជាមួយអូន» ។
ឈុតនេះនិយាយអំពីការកាន់ទុក្ខរបស់ខ្មែរក្រោម តែប្រពៃណីកាន់ទុក្ខ របស់ខ្មែរក្រោមមិនមានដុតក្រដាស និងចងសំពត់សដូចរឿងនេះទេ ។

Thursday, April 14, 2011

ជ្រុងមួយនៃពិធីបុណ្យចូលឆ្នាំខ្មែររបស់ ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម

ក្នុងរយៈពេល ៣ ថ្ងៃនៃទេសកាលបុណ្យចូលឆ្នាំខ្មែរ​ ព.ស. ២៥៥៥ ដែលកំពុងប្រព្រឹត្ត ទៅចាប់ថ្ងៃ ១១ ដល់ ១៣ កើត ខែចេត្រ ព. ស. ២៥៥៤ ត្រូវនឹងថ្ងៃទី ១៤ ដល់ ១៦ ខែមេសា គ.ស.២០១១ នេះ ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមក៏បានប្រារព្ធពិធី បុណ្យប្រពៃណីជាតិមួយនេះដែរ ។ ខាងក្រោមនេះ ជាទិដ្ឋភាពពិធីបុណ្យចូលឆ្នាំវត្តមុនី វង្សា និងវត្តពោធិ៍សំរោង ទីក្រុងព្រៃកឫស្សី ។



ខាងក្រោមជាទិដ្ឋភាពពិធីបុណ្យចូលឆ្នាំនៅវត្តចន្ទរង្សី ទីក្រុងព្រៃនគរ ។


Wednesday, April 13, 2011

Google ចូលរួមអបអរពិធីបុណ្យចូលឆ្នាំ

ដោយ ថាច់ ជំរឿន/Prey Nokor News

ក្នុងពិធីបុណ្យចូលឆ្នាំរបស់ខ្មែរនៅប្រទេសកម្ពុជា និងខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ឬភាគខាងត្បូងនៃប្រទេសវៀតណាម និងបណ្តាជនជាតិនៃប្រទេសមួយចំនួនទៀតនៅ អាស៊ី ដូចជា ថៃ ភូមា លាវ ស្រីលង្កា និងបាំងក្លាដេហស៍ជាដើមត្រូវបានកំពុងចាប់ ផ្តើមប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ ១៦ ខែមេសា នេះ ក្រុ​មហ៊ុន Google បាន ចូលរួមអបអរសាទរពិធីបុណ្យមួយនេះ ដោយបានរចនាយីហោ Google ភ្ជាប់ជាមួយ រូបភាពពូនភ្នំខ្សាច់នៃពិធីបុណ្យមួយនេះដែរ ។

ពេលលោកអ្នកចុចលើយីហោ Google នៅលើ ទំព័រ Google ភាសាខ្មែរ នឹងឡើងព័ត៌ មានទាក់ទិននឹងបុណ្យចូលឆ្នាំខ្មែរ ប្រសិនបើលោកអ្នកចុចលើទំព័រភាសាថៃ នឹងឡើងព័ត៌ មានស្តីពីបុណ្យសង្ក្រាន្តរបស់ថៃ និងបើចុចលើទំព័រភាសាលាវ នឹងឡើងព័ត៌មានស្តីអំពី បុណ្យ ប៊ីម៉ៃ ឬសង្ក្រាន្តរបស់លាវ ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំមួយនេះ ត្រូវបានជនជាតិមួយចំនួននៅតំបន់អាស៊ី នេះ នាំគ្នាប្រារព្ធឡើងចំវេលាតែមួយ (១៣ ដល់ ១៦ មេសា) រៀងរាល់ឆ្នាំ ។ បណ្តា ជនជាតិដែលប្រារព្ធពិធីបុណ្យចូលឆ្នាំដែលមានប្រពៃណីដូចគ្នា រួមមាន ជនជាតិខ្មែរ នៅកម្ពុជា ខ្មែរក្រោមនៅកម្ពុជាក្រោម ថៃ លាវ ភូមា ស្រីលង្កា បាំងក្លាដេហស៍ នេប៉ាល មីថិឡា អាសសាម គីរ៉ាឡា (Kerala ) ម៉ានីពូរ (Manipur) អូរីសា(Orissa) ពូន ឆាប (Punjab) និង ទមិឡ នាទុ (Tamil Nadu) នៅប្រទេសឥណ្ឌា ។

ខាងក្រោមនេះជារូបភាពមួយចំនួនបង្ហាញពីពិធីបុណ្យចូលឆ្នាំរបស់ ជនជាតិមួយចំនួន ។

ពិធីស្រង់ព្រះសុគន្ធវារីដល់ព្រះឧបជ្ឈាយ៍ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ នៅវត្តសង្វរថ្មមាស (អូរទទឹង) ឃុំអូរទទឹង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។


អ្នក​របាំ​ខ្មែរ​សម្តែង​របាំ​ត្រុដិ កាល​ពី​ថ្ងៃ​អង្គារ​ទី​ ១២​ ខែ​មេសា ​ឆ្នាំ​ ២០១១ នៅ​ក្រសួង​ព័ត៌មាន​ក្នុង​ទី​ក្រុង​ភ្នំពេញ ។ ពិធី​​ចូល ​ឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ ​​២០១១ ​នេះ​ធ្វើ​ឡើង​​ពី​ថ្ងៃ​ទី ​១៤ ​ដល់​ទី ១៦ ​ខែ​មេសា ​។ រូបថត VOA


ជនជាតិថៃប្រារព្ធបុណ្យ សង្ក្រាន្ត នាថ្ងៃទី ១៣-១៤-១៥ ខេសា ។ រូបថត wikipedia


ជនជាតិលាវប្រារព្ធ បុណ្យប៊ីម៉ៃបុណ្យសង្រ្កាន្ត ។ រូបថត wikipedia


ជនជាតិភូមាប្រារព្ធពិធីបុណ្យ Thingyan ឬ បុណ្យសង្រ្កាន្ត ។ រូបថត wikipedia