កម្មវិធីទូរទស្សន៍តាមប្រព័ន្ធអិនធើណិតនៃវិទ្យុអាស៊ីសេរី

Wednesday, May 18, 2011

ខ្មែរ​ក្រោម​នឹង​​លើក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​កិច្ចប្រជុំ​នៅ​អាមេរិក

ដោយ ទីន ហ្សាការីយ៉ា
2011-05-17

សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម នឹង​លើក​យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ព្រមទាំង​បញ្ហា​ផ្សេងៗ​ទៀត នៅ​ក្នុង​វេទិកា​អចិន្ត្រៃយ៍​ស្ដីពី​ជនជាតិ​ដើម​លើក​ទី​១០ នៅ​សហរដ្ឋ​អាមេរិក។



មុខការិយាល័យ UNHCR ទីក្រុងបឹងកក់ ប្រទេសថៃ ថ្ងៃ ទី ២៦ ខែមេសា ឆ្នាំ ២០១១ :
លោក ចៅ សុខី (ឆ្វេង) និង លោកចៅ សុខភាព កំពុងបង្ហាញ រូបថត លោក ចៅ ហេន ដែលកំពុងដេកសម្រាក់នៅក្នុងមន្ទីរ ពេទ្យយួននៅទីរួមខេត្តបារាជ (Long Xuyen) ទាំងជើងដៃជាប់ ខ្នោះច្រវាក់ ដល់អ្នកយកព័ត៌មានថៃ ។


ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​១៧ ឧសភា​ថា គេ​គ្រោង​នឹង​លើក​យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​បញ្ហា​បរិស្ថាន​នៅ​ក្នុង​ទឹក​ដី​អតីត​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម​បច្ចុប្បន្ន នៅ​ក្នុង​វេទិកា​អចិន្ត្រៃយ៍​ស្ដីពី​ជនជាតិ​ដើម​លើក​ទី​១០ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក (New York) សហរដ្ឋ​អាមេរិក ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៧ ឧសភា។

វេទិកា​អចិន្ត្រៃយ៍​ស្ដីពី​ជនជាតិ​ដើម​លើក​ទី​១០​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​បរិស្ថាន សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សង្គម បញ្ហា​សិទ្ធិ​មនុស្ស​ជាដើម ដែល​មាន​តំណាង​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​ជាង ១០០​ប្រទេស​នៅ​លើ​សាកលលោក​ចូល​រួម។

លោក ថាច់ ង៉ុកថាច់ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក​មក​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម កំពុង​តែ​ប្រឈម​អំពី​បញ្ហា​បរិស្ថាន​មិន​ស្អាត គឺ​ការ​ប្រើប្រាស់​ទឹក​ទន្លេ​នៅ​ក្នុង​ទឹក​ដី​អតីត​កម្ពុជា​ក្រោម​នៃ​វៀតណាម ភូមិ​ភាគ​កណ្ដាល​បច្ចុប្បន្ន ដែល​ពួកគេ​កំពុង​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ ក្នុង​ការ​ប្រើប្រាស់​ទឹក​ទន្លេ ក្រៅ​អំពី​ពួកគេ​កំពុង​ប្រឈម​នឹង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ពី​អាជ្ញាធរ​វៀតណាម។

លោក ថាច់ ង៉ុកថាច់ បាន​បន្ថែម​ថា លោក​ក៏​នឹង​លើក​អំពី​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ដាក់​គុក​កាល​ពី​ឆ្នាំ​២០១០ គឺ​លោក ចៅ ហេន នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ ពីព្រោះ​ថា លោក ចៅ ហេន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ធ្វើ​បាប ហើយ​សព្វថ្ងៃ​ឆ្មាំ​គុក​មិន​អនុញ្ញាត​ឲ្យ​គ្រួសារ​លោក ចៅ ហេន ចូល​ជួប​សួរ​សុខ​ទុក្ខ​ដូច​កាល​ពី​មុន​ទៀត​ទេ។

លោក ចៅ ហេន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០ ខណៈ​ដែល​លោក​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ​ទៅ​ផ្ទះ​វិញ នៅ​ខែត្រ​មាត់ជ្រូក ក្រោយ​ពេល​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជនភៀសខ្លួន UNHCR នៅ​ប្រទេស​ថៃ មិន​ផ្ដល់​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​ដល់​លោក និង​ករណី​ចាប់​ខ្លួន​អ្នក​ផ្សេងៗ​ទៀ។ កាល​ពី​ថ្ងៃ​ទី​៣១ មីនា សាលា​ដំបូង​ស្រុក​ស្វាយ​ទង ខេត្ត​មាត់​ជ្រូក បាន​កាត់​ទោស​លោក ចៅ ហេន ឲ្យ​ជាប់​គុក​ចំនួន ២​ឆ្នាំ ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​បង្ក​អសន្តិ​សុខ​សង្គម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា កន្លង​មក​បាន​បដិសេធ​ថា ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ រាល់​សកម្មភាព​បំពារបំពាន​ច្បាប់ គឺ​ត្រូវ​ប្រឈម​មុខ​ចំពោះ​ច្បាប់ ហើយ​ប្រទេស​វៀតណាម គឺ​ជា​ប្រទេស​ប្រកប​ដោយ​នីតិ​រដ្ឋ រាល់​សកម្មភាព​ណា​រំលោភ​បំពាន​ច្បាប់ នឹង​ត្រូវ​ថ្កោល​ទោស​ស្រប​ទៅ​តាម​ច្បាប់​នៃ​ប្រទេស​វៀតណាម ដែល​ស្រប​ទៅ​នឹង​អនុ​សញ្ញា​អន្តរជាតិ​ស្តី​អំពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។

លោក ថាច់ ង៉ុកថាច់ បាន​បញ្ជាក់​ថា ការ​លើក​ឡើង​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ មិន​មែន​មាន​តែ​ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ទេ គឺ​មាន​ជនជាតិ​ដើម​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត ក៏​គេ​លើក​អំពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ដែល​ពួកគេ​កំពុង​រស់​នៅ​ដែរ។

ថ្ងៃ​ទី​៤ មិថុនា ខែ​ក្រោយ​នេះ គឺ​ជា​ខួប​ទី ៦២​ឆ្នាំ ដែល​ព្រះរាជាណាចក្រ​កម្ពុជា បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម​ ហើយ​កាន់កាប់​ដោយ​វៀតណាម​វិញ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​នឹង​ធ្វើ​ពិធី​រំលឹក​ខួប​លើក​ទី​៦២​នេះ នៅ​ប្រទេស​កាណាដា សហរដ្ឋអាមេរិក និង​បារាំង​ជាដើម។

ឯកសារ​ប្រវត្តិសាស្ត្រ​បាន​សរសេរ​ថា បារាំង​បាន​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ចំនួន ៦​ខែត្រ ប៉ុន្តែ​ឯកសារ​ខ្លះ​ថា មាន​ចំនួន​២១ ហើយ​ក្រោយ​មក​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន បាន​ភៀស​ខ្លួន​មក​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​កម្ពុជា​កណ្ដាល និង​ទៅ​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត ៕

ខ្មែរ​​កម្ពុជា​ក្រោម​ប្រារព្ធ​ពិធី​រំឭក​គុណ​គ្រូ

ដោយ សុខ សេរី
2011-05-18


ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​ទិវា​រំឭក​គុណ​គ្រូ ចំ​ថ្ងៃ​១៨ ឧសភា។ ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​បាន​សុគត​ទៅ​ក្នុង​បុព្វហេតុ​ការពារ​ទឹក​ដី ប្រពៃណី សាសនា អក្សរសាស្ត្រ​ខ្មែរ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម។

១៨-ឧសភា-២០១១៖ សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​ពិធី​បុណ្យ​រាប់​បាត្រ រំឭក​គុណ​គ្រូ នៅ​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម នា​ជាយ​រាជធានី​ភ្នំពេញ។ រូបថតៈRFA/Sok Serey




ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​ប្រមាណ​ជា ៥០​នាក់ មក​ពី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៩ នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១១ បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​រំឭក​គុណ​គ្រូ​ដែល​បាន​បង្រៀន​អក្សរសាស្ត្រ​ខ្មែរ និង​ភាសា​ខ្មែរ​មិន​ឲ្យ​សាបសូន្យ នៅ​គ្រា​ដែល​ការ​សិក្សា​រៀន​សូត្រ​អក្សរសាស្ត្រ​ខ្មែរ​នៅ​លើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​កន្លង​មក បាន​រង​ការ​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​ដោយ​អាជ្ញាធរ​វៀតណាម។

នៅ​ក្នុង​ពិធី​នោះ គេ​បាន​និមន្ត​ព្រះសង្ឃ​ចំនួន ១៦​អង្គ ដើម្បី​សូត្រ​មន្ត​នមស្ការ បង្សុកូល និង​រាប់​បាត្រ ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​គ្រូ​បង្រៀន​ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​សុគត​ទៅ។ នេះ​គឺ​ជា​ពិធី​រំឭក​គុណ​គ្រូ​លើក​ទី​៤​ហើយ ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក។

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម លោក យន្ត ថារូ និង​ជា​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ដែល​បាន​ដឹកនាំ​ឲ្យ​មាន​ពិធី​នេះ បាន​មាន​ប្រសាសន៍​ថា ខ្មែរ​កម្ពុជា​ក្រោម​ភាគ​ច្រើន រាប់​ទាំង​រូប​លោក​ផង បាន​ចេះ​និយាយ​ភាសា​ខ្មែរ និង​ចេះ​សរសេរ​អក្សរសាស្ត្រ​ខ្មែរ​ដោយសារ​គ្រូ​បង្រៀន​ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម តាម​រយៈ​ការ​បង្រៀន​អក្សរ​បាលី និង​ភាសា​បាលី​នៅ​តាម​វត្ត​អារាម។

លោក​បន្ត​ថា ៖ «ចេះ​ដឹង​ដល់​សព្វថ្ងៃ​ហ្នឹង ខ្លះ​បាន​ភៀស​ខ្លួន​មក​ដល់​ប្រទេស​កម្ពុជា ខ្លះ​ទៅ​ដល់​បារាំង អាមេរិកាំង ប្រទេស​ទី​បី ក៏​ដោយសារ​តែ​គ្រូ​យើង​បាន​ផ្ដល់​កំណើត​ឲ្យ​យើង គឺ​ការ​សិក្សា​រៀន​សូត្រ​ហ្នឹង។ កាលណា​យើង​អត់​ចេះ​អក្សរសាស្ត្រ ប្រៀប​បាន​ជា​យើង​ហ្នឹង​ងងឹត​ភ្នែក​ទាំង​សងខាង។ គ្រូ​បង្រៀន​ហ្នឹង​ហើយ​ដែល​បង្រៀន​ឲ្យ​យើង​បើក​ភ្នែក​យើង​ឲ្យ​ភ្លឺ​ដល់​សព្វថ្ងៃ រហូត​ដល់​ខ្លះ​ទៀត​បាន​ធ្វើ​ជា​កុង្សីយ៍ ធ្វើ​ជា​មន្ត្រី​នៅ​ក្នុង​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន ក៏​ដូច​ជា​រូប​ខ្ញុំ​បាន​ធ្វើ​ជា​តំណាងរាស្ត្រ គឺ​ខ្ញុំ​រៀន​នៅ​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម»។

លោក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​រូប​លោក និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នានា យក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១១ ដើម្បី​រំឭក​គុណ​គ្រូ​បែប​នេះ ពី​ព្រោះ​ជា​ថ្ងៃ ១​រោច ខែ​ពិសាខ ចូល​ពុទ្ធសករាជ ២៥៥៥ ជា​សករាជ​ថ្មី។

ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ឈ្មោះ លីវ យូពឹង អាយុ ៧០​ឆ្នាំ មាន​ដើម​កំណើត​នៅ​ខេត្ត​ឃ្លាំង ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ថា លោក​នៅ​តែ​ចងចាំ​នូវ​គុណ​បំណាច់​របស់​គ្រូ​បង្រៀន​ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​បង្រៀន​ឲ្យ​ចេះ​អក្សរសាស្ត្រ​ខ្មែរ​ដោយ​មិន​យក​កម្រៃ ៖ «ថ្នាក់​ទី​១ រហូត​ដល់​ប្រលង​ជាប់​ឌីប្លូម (Diploma) ខ្ញុំ​ត្រូវ​តែ​នឹក​ដល់​គុណ​គ្រូ ដែល​មាន​គុណូបការៈ​លើ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ចេះ​ដឹង​ដោយសារ​តែ​គុណ​គ្រូ»។

ប្រភព​ពី​សកម្មជន​ការពារ​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹង​ថា នៅ​ទសវត្ស​ឆ្នាំ​១៩៥៧ និង​ឆ្នាំ​១៩៦២ មាន​ការ​បង្ក្រាប​យ៉ាង​ខ្លាំង​លើ​ខ្មែរ​កម្ពុជា​ក្រោម​ដោយ​អាជ្ញាធរ​វៀតណាម មិន​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​មាន​សាលា​រៀន​ទេ។

ការ​សិក្សា​រៀន​សូត្រ​អក្សរសាស្ត្រ​ខ្មែរ​នៅ​ពេល​នោះ គឺ​នៅ​តាម​វត្ត​អារាម។ គ្រូ​បង្រៀន​គឺ​ជា​ព្រះសង្ឃ​បាន​បង្រៀន​ភាសា​បាលី​ចាប់​ពី​ថ្នាក់​បឋមសិក្សា​រហូត​ដល់​ថ្នាក់​ឧត្ដម​សិក្សា។

គ្រូ​បង្រៀន​ទាំង​នោះ​មាន​លោក​ឧកញ៉ា សឺន គុយ ព្រះសង្ឃ សឺន វ៉ង់ ព្រះសង្ឃ គឹម តុកចើង ព្រះសង្ឃ គឹម សាង និង​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ទៀត ៕

ពុទ្ធសករាជ (ព.ស.) ឈានចូល ២៥៥៥

ដោយ ថាច់ ប្រីជា គឿន/Prey Nokor News

ថ្ងៃនេះ ថ្ងៃពុធ ១ រោច ខែវិសាខ ឆ្នាំ ថោះត្រី ព្រះពុទ្ធសករាជ (ព.ស.) បានឈានចូល ២៥៥៥ ត្រូវចំថ្ងៃទី ១៨ ខែឧសភា គ.ស. ២០១១ ក្រោយពីពុទ្ធបរិស័ទខ្មែរនៅជុំវិញពិភព លោកបាននាំគ្នាប្រារព្ធពិធីបុណ្យវិសាខបូជាកាលពីថ្ងៃម្សិលមិញ ។

ការកំណត់យកពុទ្ធសករាជនៅក្នុងពុទ្ធសាសនា គឺកំណត់យកថ្ងៃ ១ រោចខែវិសាខ ក្រោយពី ព្រះពុទ្ធសមណគោត្តមបរិនិព្វានទៅបានមួយថ្ងៃ ។

អំពីថ្ងៃវិសាខបូជា៖

វិសាខបូជា ឬ ពិសាខបូជា (អានថាៈ វិសាខៈ បូជា) ជា
ពិធីបុណ្យដ៏សំខាន់និងដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា
និងជាទិវាមួយដែលអង្គការសហប្រជាជាតិបានប្រកាស
សម្រេចទទួលស្គាល់ថាជា «ទិវាវប្បធម៌មនុស្សជាតិ»
ចាប់តាំងពីឆ្នាំ ១៩៩៩ មក ។

កម្មវិធីបុណ្យវិសាខបូជាត្រូវបានពុទ្ធសាសនិកប្រារព្ធឡើងនៅថ្ងៃបូណ៌មីខែវិសាខទៅតាម ប្រតិទិនចន្ទគតិនៃប្រទេសនីមួយៗជារៀងរាល់ឆ្នាំ ។ បុណ្យវិសាខបូជាឆ្នាំនេះ ខ្មែរក្រោម នៅកម្ពុជាក្រោម ពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា និងនៅក្រៅប្រទេសជាពុទ្ធសាសនិកប្រារព្ធ នៅថ្ងៃអង្គារ៍ ១៥ កើតខែពិសាខ ឆ្នាំ ថោះត្រីស័ក ព. ស. ២៥៥៤ ត្រូវនឹងថ្ងៃទី ១៧ ខែឧសភា គ.ស.២០១១ ។ ពិធីបុណ្យនេះ ត្រូវបានគេប្រារព្ធឡើងដើម្បីឧទ្ទិសដល់ថ្ងៃ ដែលព្រះពុទ្ធសមណគោត្តមជាស្ថាបនិកព្រះពុទ្ធសាសនាទ្រង់ប្រសូត ទ្រង់បានបរមាភិ សម្ពោធិ (បានត្រាស់) និងទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាន (អស់ព្រះជន្ម) នៅក្នុងតិថី "បុណ្ណមី" មានសេចក្ដីថា "ខែពេញបូណ៌មី" នៃខែវិសាខ ។

ក្រៅពីពុទ្ធសាសនិកខ្មែរក្រោមជាង ៨ លាននាក់នៅកម្ពុជាក្រោមប្រារព្ធពិធីបុណ្យវិសាខ បូជាមួយនេះ គេក៏សង្កេតឃើញមាន ពលរដ្ឋនៃប្រទេសក្នុងលោករាប់លាននាក់បាន ប្រារព្ធផងដែរ ក្នុងនោះមាន សាមន្តប្រទេសជាប់ព្រំដែនប្រទេសឥណ្ឌា ដូចជា នេប៉ាល ស្រីលង្កា និងទីបេត៍ ។ ចំណែកពលរដ្ឋនៃប្រទេសអាស៊ីអាគ្នេយ៍វិញ មានប្រទេសកម្ពុជា វៀតណាម សិង្ហបុរី ថៃ ម៉ាឡេស៊ី ភូមា ឥណ្ឌោនេស៊ីនិងក្រៅពីនេះក៏មានបណ្តាប្រទេស ជាច្រើនទៀតនៅក្នុងលោកដែលគោរពព្រះពុទ្ធសាសនាប្រារព្ធជារៀងរាល់ឆ្នាំផងដែរ ។

ឈ្មោះពិធីបុណ្យ «វិសាខបូជា» តាមការហៅរបស់ជាតិនីមួយៗ


ខ្មែរ: «វិសាខបូជា» (ត្រូវអានថាៈ វិសាខៈបូជា )
នេប៉ាល: និង ឥណ្ឌា «ពុទ្ធជយន្តិ» (អានថាៈ ពុទ្ធៈជៈយ៉ាន់ តិ )
បាំងក្លាដេស្ហ: «ពុទ្ធោជយន្តិ» (বুদ্ধ পূর্ণিমা/বুদ্ধ জয়ন্তী ) (អានថាៈ ពុតធោ ជោ យន តិ)
ជនជាតិយួន: ផឹកដាង (Phật Đản )
ទីបេត៍: សាគ្ហា ដាវ៉ា (ས་ག་ཟླ་བ། )
ថៃ: វ៉ាន វិសាខៈ បូឆា (วันวิสาขบูชา )
ចិន: ផ្វដាង (佛誕) ។ល។

ក្រោយពីអង្គការសហប្រជាជាតិបានសម្រេចប្រកាស
ទទួលស្គាល់កាលពីឆ្នាំ ១៩៩៩ ថា ថ្ងៃវិសាខបូជា ជា
«ទិវាវប្បធម៌មនុស្សជាតិ» មក សហគមន៍អន្តជាតិ
ហៅថ្ងៃនេះថា Vesak Day ឬ Buddha Day មានន័យថា
ថ្ងៃវិសាខ [បូជា] ឬ ថ្ងៃព្រះពុទ្ធ ។

អត្ថន័យពាក្យ «ពិសាខបូជា»

យោងតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត
(ជោតញ្ញាណោ) ត្រង់ទំព័រ ៧៥៩ បានបញ្ជាក់អត្ថន័យនៃពាក្យ
«ពិសាខបូជា» ថា ៖

ពិសាខបូជា --ខៈបូ--បា. ( ន. ) (វិសាខ + បូជា) ឈ្មោះ
ពិធីបុណ្យ ឬការធ្វើសក្ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ
ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ប្រសូត, ទ្រង់បាន
បរមាភិសម្ពោធិ, ទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាន; ធ្វើរំឭក
ដល់ព្រះគុណរបស់ព្រះអង្គ, ជាការបូជាពិសេសមួយយ៉ាង
សម្រាប់ពុទ្ធសាសនិកជនទាំងបព្វ ជិតទាំងគ្រហស្ថនាំគ្នា
ធ្វើរាល់ឆ្នាំ, រាប់ថាជាបុណ្យសម្រាប់ពុទ្ធសាសនា : ថ្ងៃពិសាខ
បូជា, ធ្វើពិសាខបូជា ។ វិសាខ-- ។

អំពីដំណើរជីវិតព្រះពុទ្ធសមណគោត្តមចំតិថិ "បុណ្ណមី"
ខែពិសាខ៖


ភាពអស្ចារ្យក្នុងដំណើរជីវិតរបស់ព្រះពុទ្ធសមណគោត្តម
គឺ ប្រសូតិ ១ ការបានបានត្រាស់ ឬការស្វែងរកឃើញ នូវ
អរិយសច្ច ១ និងការយាងចូលបរិនិព្វាន ឬ ការអស់ព្រះ
ជន្ម ១ សុទ្ធតែត្រូវចំថ្ងៃ ១៥ កើត ឬ ថ្ងៃពេញបូណ៌មី ខែ
វិសាខទាំងអស់ ។ ដូច្នេះ បានជាពុទ្ធសាសនិកក្នុងលោក
បានឯកច្ឆ័ន្ទសម្រេចជ្រើសរើសថ្ងៃ ១៥ កើត ខែវិសាខប្រា
រព្ធពិធីបុណ្យ «វិសាខបូជា» នេះឡើងដើម្បីសម្តែងនូវការ
គោរព និងឧទ្ទិសដល់ព្រះពុទ្ធគុណនៃព្រះសម្មាសម្ពុទ្ធជា
សាស្តាចារ្យនៃព្រះពុទ្ធសាសនា ។ អ្វីដែលគួរឲ្យមានបីតិ
បាមោជ្ជពន់ពេកនោះ «វិសាខបូជា» មិនមែនសម្រាប់តែ
ពុទ្ធសាសនិកជនទេ តែថ្ងៃនេះ ត្រូវបានអង្គការសហប្រជា
ជាតិទទួលស្គាល់ថាជា «ទិវាវប្បធម៌មនុស្សជាតិ» និងត្រូវ
អង្គការសហប្រជាជាតិរៀបចំប្រារព្ធជារាល់ឆ្នាំ ។

ទី ១: ព្រះពុទ្ធទ្រង់ប្រសូត

ឆ្នាំ ៦២៣ មុនគ្រឹស្តសករាជ ឬកាលពី ២៦៣៥ ឆ្នាំមុន នៅ
ថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំ ច ព្រះពុទ្ធ សក្យមុនី
គោត្តម ទ្រង់ប្រសូតចាកឧទរ (ផ្ទៃ) ព្រះនាងសិរីមហាមាយា
ទេវី ជាអគ្គមហេសីនៃព្រះបាទសុទ្ធោទនៈ ព្រះចៅក្រុងកបិល
ភស្តុ នៅក្នុងសួនលុម្ពិនី ចន្លោះក្រុងទាំងពីរ គឺ កបិលភស្តុ
នៃដែនសក្កៈ (ខាងបិតា) និង ទេវទហៈ នៃដែនកោលិយៈ
(ខាងមាតា) ជាអតីតសមន្តរដ្ឋមួយនៃប្រទេសឥណ្ឌា នាពេល
នោះ ដែលបច្ចុប្បន្ន សួនលុម្ពិនីជាស្រុកមួយនៃប្រទេសនេប៉ាល
(Nepal) ។ ព្រះពុទ្ធសក្យមុនី ទ្រង់ប្រសូតចាកឧទរព្រះវររាជ
មាតា ខណៈដែលព្រះមាតារបស់ព្រះអង្គ យាងទៅទេវទហន
គរដើម្បីប្រសូតបុត្រតាមប្រពៃណី គឺស្រ្តីពួកជាតិសក្យ កាល
ណាមានបុត្រច្បង តែងតែត្រឡប់ទៅផ្ទះខាងម្តាយឳពុករបស់
ខ្លួនដើម្បីសម្រាលបុត្រ ។ ពេលព្រះនាងសិរីមហាមាយាយាង
បានពាក់កណ្តាលផ្លូវត្រង់សួនលុម្ពិនី ក៏ទ្រង់ប្រឈួនព្រះឧទរ
ហើយក៏ប្រសូតព្រះរាជបុត្រនៅក្រោម ដើមសាលព្រឹក្ស ។
ពេលប្រសូតចាកព្រះឧទរភ្លាម ព្រះរាជបុត្រយាងទៅបាន ៧
ជំហានមានផ្កាឈូកទ្រព្រះបាទ ។ ពេលដល់ជំហានទី ៧
ព្រះរាជបុត្រទ្រង់ឈរលើកព្រហស្តស្តាំចង្អុលឡើងលើទ្រង់
បន្លឺសហនាទ (និយាយក្អេងពេញត្រពងមាត់) ថាៈ

«ខ្លួនយើងជាបុគ្គលកំពូលនៃលោក
ខ្លួនយើងជាបុគ្គលប្រសើរជាងគេក្នុងលោក
ខ្លូនយើងជាចម្បងជាងគេក្នុងលោក
នេះជាកំណើតចុងបំផុតរបស់យើង
អំណឹះតទៅមុខ យើងលែងកើតទៀតហើយ » ។


ទី ២: ការបានត្រាស់ជាព្រះពុទ្ធ

ឆ្នាំ ៥៨៨ មុនគ្រឹស្តសករាជ ឬ កាលពី ២៦០០ ឆ្នាំមុន
នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា( ព្រះជន្ម ៣៥ )
ព្រះពុទ្ធសមណគោត្តម បានត្រាស់ជាព្រះពុទ្ធ ឬ បាន
ស្វែងរកឃើញនូវអរិយសច្ចធម៌ទាំង ៤ នៅក្រោមដើម
ពោធិព្រឹក្ស នាមាត់ស្ទឹងនេរញ្ជរា ស្រុកពុទ្ធគយា ប្រទេស
ឥណ្ឌា ក្រោយពីព្រះអង្គបានចេញយាងចេញសាងព្រះ
អស់រយៈពេល ៦ ឆ្នាំ ។

អរិសច្ច មាន ៤ យ៉ាងគឺៈ

• ទុក្ខៈ សេចក្ដីព្រួយលំបាក
• សមុទយៈ កំណើតទុក្ខឬហេតុដែលនាំឲ្យកើតទុក្ខ
• និរោធៈ សេចក្ដីរលត់ទុក្ខ ឬធម៌សម្រាប់រម្លត់ទុក្ខ
• មគ្គៈ ផ្លូវឬឧបាយនៃសេចក្ដីរលត់ទុក្ខ (ហៅដោយរួបរួម ថា ចតុរារិយសច្ច) ។

អរិយសច្ច ឬ អារ្យសត្យ មានន័យថា សេចក្ដីពិតរបស់
អរិយបុគ្គល, សេចក្ដីពិតឥតមានល្អៀង ។

ទី ៣: បរិនិព្វាន ឬ អស់ព្រះជន្ម

ឆ្នាំ ៥៤៣ មុនគ្រឹស្តសករាជ ឬ កាលពី ២៥៥៥ ឆ្នាំមុន នៅ
ថ្ងៃអង្គារ៍ ពេញបូណ៌មី ខែវិសាខ ឆ្នាំ ម្សាញ់ ក្នុងព្រះជន្ម ៨០
ព្រះវស្សាគត់ (មុនការកំណត់យកព្រះពុទ្ធសករាជ ១ ថ្ងៃ)
ព្រះពុទ្ធសក្យមុនីគោត្តមទ្រង់បានយាងចូលបរិព្វាន អស់
ព្រះជន្ម នៅក្រោមដើមរាំងទាំងគូ នាក្រុងកុសិនារា ចម្ងាយ
ពីក្រុងសួនលុម្ពិនីកន្លែង ទ្រង់ប្រសូតប្រមាណ ១៨១ គីឡូ
ម៉ែត្រ ក្រោយពីព្រះអង្គបានយាងចេញសម្តែងព្រះធម៌
ប្រោសសត្វអស់រយៈ ពេល ៤៥ ព្រះវស្សា ។

ចាប់តាំងពីព្រះពុទ្ធសមណគោត្តមបានត្រាស់រហូតដល់
យាងចូលបរិនិព្វាន ព្រះធម៌ដែលព្រះអង្គសម្តែងប្រោស
សត្វមានចំនួន ៨ ម៉ឺន ៤ ពាន់ធម្មក្ខន្ធ ។ ព្រះធម៌ចុងក្រោយ
របស់ព្រះពុទ្ធដែលទ្រង់បានសម្តែងមុនពេលដាច់ ដង្ហើម
ចូលកាន់បរិនិព្វាន គឺ អប្បមាទធម៌ (អានថាៈ អ័ប-ប៉ៈ ម៉ាត
-ទៈ ធរ) មានន័យថា «សេចក្ដីមិនធ្វេសប្រហែស» ដែល
ពេលនោះព្រះអង្គបានមានព្រះបន្ទូលទៅកាន់ភិក្ខុសាវ័កថា
«ម្នាលភិក្ខុទាំងឡាយ ! អ្នកទាំង ឡាយចូរញ៉ាំងស្មារតីឲ្យ
បរិបូរដោយអប្បមាទ !»

(រងចាំអានតការទទួលស្គាល់ថ្ងៃវិសាខបូជាដោយអង្គការសហប្រជាជាតិ)

Saturday, May 14, 2011

រូបថតមហាសន្និបាតវិសាខបូជាអង្គការសហប្រជាជាតិលើកទី ០៨

មហាសន្និបាតវិសាខបូជាអង្គការសហប្រជាជាតិលើកទី ០៨ -ព.ស.២៥៥៥
គ.ស.២០១១ ដែលបានប្រារព្ធឡើងនៅប្រទេសថៃរយៈពេល ៣ ថ្ងៃ (១២ -១៣
- ១៤ ខែឧសភា) នេះ ទើបតែបានបញ្ចប់ទៅនៅមជ្ឈមណ្ឌលពុទ្ធមណ្ឌល ខេត្ត
នគរបឋម ជាយក្រុងបាងកក នារាត្រីថ្ងៃទី ១៤ ខែឧសភា នេះ ដោយមានការ
អុជទៀនដង្ហែធម្មយាត្រាប្រទក្សិណជុំវិញព្រះពុទ្ធបដិមាធំនៅក្នុងបរិវេណមជ្ឍ
មណ្ឌលរួចធ្វើពុទ្ធសាសននិយមកិច្ចតាមលក្ខណៈជាតិនិមួយៗដើម្បីឧទ្ទិសដល់
ថ្ងៃវិសាខបូជា ។



រយៈពេល ៣ ថ្ងៃនៃអង្គមហាសន្និបាតនេះ គេប្រារព្ធនៅកន្លែងទាំង ៣ គឺ៖

ថ្ងៃទី ១ និងទី ២ (១២-១៣ ខែឧសភា) នៅសកលវិទ្យាល័យមហាចុឡាលង
ករណ៍រាជវិទ្យាល័យ ក្រុងអយុធ្យា ។

ថ្ងៃទី ៣ (ទី ១៤ ខែឧសភា) នៅការិយាល័យអង្គការសហប្រជាជាតិប្រចាំតំ
បន់អាស៊ីអាគ្នេយ៍ ក្នុងទីក្រុងបាងកក និងនៅមជ្ឈមណ្ឌលពុទ្ធមណ្ឌលក្នុងខេត្ត
នគរបឋម ។

ខាងក្រោមនេះជារូបភាពមួយចំនួនស្តីអំពីមហាសន្និបាតវិសាខបូជាអង្គការ សហប្រជាជាតិលើកទី ០៨ ថតដោយបុគ្គលិកនៃ សារព័ត៌មាន ព្រៃនគរ

លាលប្រជុំរបស់សកលវិទ្យាល័យមហាចុឡាលងករណ៍រាជវិទ្យាល័យ
ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១១ ។

រថយន្តនាំផ្ញៀវទៅកាន់កន្លែងស្នាក់នៅៗសណ្ឋាគារដែលគណៈ
កម្មការមហាសន្និបាតរៀបចំ ។

រថយន្តនាំផ្ញៀវចូលរួមធ្វើដំណើរចុះឡើងនៅក្នុងបរិវេណសកល
វិទ្យាល័យមហាចុឡាលងករណ៍រាជវិទ្យាល័យរយៈពេល ២ ថ្ងៃ
(ទី ១២ - ១៣ ខែឧសភា) ។

ពិធីប្រជុំនៅក្នុងលាលប្រជុំរបស់សកលវិទ្យាល័យមហាចុឡាលងករណ៍
រាជវិទ្យាល័យ ថ្ងៃទី ១២ ខែឧសភា (ថ្ងៃដំបូង) ។

លាលារៀនរបស់សកលវិទ្យាល័យមហាចុឡាលងករណ៍រាជវិទ្យាល័យ ។

សិក្ខាសាលាដែលមានវាគ្មិនជាអ្នកប្រាជ្ញ សាស្រ្តាចារ្យ អ្នកស្រាវជ្រាវផ្នែក
ព្រះពុទ្ធសាសនាមកពីសកលវិទ្យាល័យ សមាគមអន្តរជាតិ (IOC) នានាប្រទេស
ថ្លែងបាឋកថា នាថ្ងៃទី ១៣ ខែឧសភា ២០១១ (ថ្ងៃទី ២ នៃមហាសន្និបាត)
នៅក្នុងសាលារៀនសកលវិទ្យាល័យមហាចុឡាលងករណ៍រាជវិទ្យាល័យ ។

សិក្ខាសាលានេះ ចែកចេញជា ៤ បន្ទប់ ក្នុងបន្ទប់និមួយៗមានបាឋកថា
និយាយអំពីប្រធានបទមួយៗ៖

+បន្ទប់ទី ១:
-សីលធម៌ព្រះពុទ្ធសាសនា នឹងការអភិវឌ្ឃសេដ្ឋកិច្ច
និង សង្គម (ជាភាសាថៃ) ។
( Buddhist Virtues in Socio-Economic Development)
-ការភ្ញាក់រឭកក្នុងគតិបណ្ឌិតដើម្បីសង្គម ។
(Wisdom for Awakening Society)

+បន្ទប់ទី ២:
-ភាពជាអ្នកដឹកនាំព្រះពុទ្ធសាសនា នឹងការអភិវឌ្ឃសេដ្ឋកិច្ច និង សង្គម ។
(Buddhist Leadership and Socio-Economic Development)
-ផ្សព្វផ្សាយឯកសារព្រះពុទ្ធសាសនា ។
(Common Buddhist Text)

+បន្ទប់ទី ៣:
- ការស្ថាបនាសង្គមឲ្យមានភាពស្រុះស្រួល ។
(Building a Harmonious Society)

+បន្ទប់ទី ៤:
-ការថែរក្សា និងស្តារបរិស្ថាន ។
(Environmental Preservation and Restoration)

មហាសន្និបាតវិសាខបូជានៅការិយាល័យអង្គការសហប្រជាជាតិប្រចាំ តំបន់អាស៊ីអាគ្នេយ៍ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១១

------------------------------------------

ចុចនេះ ដើម្បីមើលរូបថតច្រើនទៀតពីគេហទំព័រមហាសន្និបាតវិសាខបូជា
អង្គការសហប្រជាជាតិលើកទី ៨


បក្ស​សមរង្ស៊ី​ស្នើ​ឲ្យ​រដ្ឋាភិបាល​យក​ថ្ងៃ​ ០៤ មិថុនា ជា​ទិវា​កាន់​ទុក្ខ​ខ្មែរ

ដោយ យន់ សាមៀន/RFA
2011-05-13

ក្រុម ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ចំនួន ១៣ ​​រូប នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ឧសភា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​ទិវា​កាន់​ទុក្ខ​របស់​ខ្មែរ​នៅ​ថ្ងៃ​ទី​៤ មិថុនា ដើម្បី​ចងចាំ​ថ្ងៃ​ដែល​បារាំង បាន​កាត់​ទឹក​ដី​ខ្មែរ​មាន ២១​ខេត្ត និង​រាជធានី​ព្រៃនគរ ទៅ​ឲ្យ​ប្រទេស​វៀតណាម ធ្វើ​អាណានិគម​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ ។

ភ្នំពេញកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០០៩៖
លោក យន្ត ថារូ សមាជិករដ្ឋសភាកំណើតខ្មែរក្រោម
នៃគណបក្ស សម រង្ស៊ី ។


លិខិត​របស់​តំណាងរាស្ត្រ​ ផ្ញើ​ទៅ​កាន់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ខ្មែរ បាន​បញ្ជាក់​ថា ការ​បាត់បង់​ទឹកដី​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​រង​នូវ ​ការ​ឈឺ​ចាប់ ហើយ​ពួកគេ​បាន​តស៊ូ​គ្រប់​ជំនាន់​ដើម្បី​រក្សា​ការពារ​ជាតិ​សាសន៍ ប្រពៃណី និង​អក្សរសាស្ត្រ ។

លិខិត​បន្ត​ថា ខ្មែរ​កម្ពុជា​ក្រោម​នៅ​ជុំវិញ​ពិភពលោក​តែងតែ​ប្រារព្ធ​ទិវា​បាត់បង់​ទឹក​ដី​ដែល​ជា​ទុក្ខ​របស់​ខ្មែរ​ក្រោម ។

រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​នេះ​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ឧសភា​នេះ ៕

មហាសន្និបាតវិសាខបូជាអង្គការសហប្រជាជាតិលើកទី ៨ ឈានដល់ថ្ងៃបញ្ចប់

ដោយ ថាច់ ជំរឿន

(សារព័ត៌មាន ព្រៃនគរ -ប្រទេសថៃ) ថ្ងៃនេះ ទី ១៤ ខែឧសភា ជាថ្ងៃទីបី
និងជាថ្ងៃបញ្ចប់កម្មវិធីមហាសន្និបាត វិសាខបូជាអង្គការសហប្រជាជាតិ
លើកទី ៨ ដែលកំពុងប្រារព្ធនៅការិយាល័យអង្គការសហប្រជាជាតិប្រចាំ
តំបន់អាស៊ីអាគ្នេយ៍ នារាជធានីបាងកក ។


ទង់ជាតិប្រទេសនានានៅក្នុងការិយាល័យអង្គការ
សហប្រជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ នាទីក្រុងបាងកក ។


ក្នុងកម្មវិធីព្រឹកនេះ មានវត្តមានរបស់ លោក D.M. Jayaratane នាយករដ្ឋ
មន្រ្តីប្រទេសស្រីលង្កា លោក Etiennce Clement នាយករងអង្គការ UNESCO
ប្រចាំទីក្រុងបាងកក ព្រះតេជព្រះគុណ បណ្ឌិត ធម្មឃោសាចារ្យ (Phra
Dharmakosajarn) ប្រធានគណៈកម្មការមហាសន្និបាតវិសាខបូជា និង
លោក វីរជ័យ វីរមេត្រីកុល (Virachai Virameteekul) រដ្ឋមន្ត្រីក្រសួងវិទ្យា
សាស្ត្រ និង បច្ចេកវិទ្យាថៃ រួមនឹង គណៈប្រតិភូប្រមាណជាង ២០០០ រូប
ជាអ្នកតំណាងសមាគមព្រះពុទ្ធសាសនាអន្តរជាតិ មកពីប្រទេសចំនួន ៨៤
ចូលរួម ។


ព្រះតេជព្រះគុណ បណ្ឌិត ធម្មឃោសាចារ្យ ។


នៅទីនេះ តំណាងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Kimoom
និងតំណាងនាយកអង្គការ UNESCO លោកស្រី Irina Bokova បានឡើងអាន
នូវសារចូលរួមក្នុងកម្មវិធីមហាសន្និបាតវិសាខបូជាអង្គការសហប្រជាជាតិលោក
ទី ៨ មួយនេះផងដែរ ។

នៅវេលាម៉ោង ០៨: ៣០ នាទីព្រឹក ព្រះតេជព្រះគុណ បណ្ឌិត ធម្មឃោ
សាចារ្យ (Phra Dharmakosajarn) ប្រធានគណៈកម្មការមហាសន្និបាត
វិសាខបូជា បានថ្លែងទៅកាន់ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងមហាសន្និ
បាតថា វាមានសារសំខាន់ខ្លាំងណាស់ដែលអង្គការសហប្រជាជាតិបាន
សម្រេចទទួលស្គាល់ វិសាខបូជា ថ្ងៃដែលព្រះពុទ្ធសមណគោត្តម ប្រសូត
បានត្រាស់ និងបរិនិព្វាន ថាជាថ្ងៃវប្បធម៌របស់មនុស្សជាតិទូទាំង
ពិភពលោក ។

ថ្លែងទៅកាន់អង្គមហាសន្និបាត ព្រះតេជព្រះគុណ បណ្ឌិត ធម្មឃោសាចារ្យ
បានមានថេរដីការំឭកអំពី ប្រវត្តិនៃការប្រារព្ធមហាសន្និបាតវិសាខបូជាអង្គ
ការសហប្រជាជាតិមួយនេះថា គណៈកម្មការមហាសន្និបាត បានប្រារព្ធអស់
៧ លើកនៅប្រទេសថៃ និងមួយលើកនៅរដ្ឋធានីណូយ ប្រទេសវៀតណាម
កាលពីឆ្នាំ ២០០៨ ដោយមានការចូលរួមពីសំណាក់ព្រះសង្ឃ ពុទ្ធបរិស័ទជា
អ្នកតំណាងឲ្យប្រទេសនិង សមាគមនានា អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ មកពីទ្វីប
ទាំង ៥ ក្នុងពិភពលោកដើម្បីផ្តល់យោបល់ ពិភាក្សាគ្នានៅក្នុងវេទិកានៃមហា
សន្និបាត នេះជារៀងរាល់ឆ្នាំ ។

ព្រះតេជព្រះគុណ បណ្ឌិត ធម្មឃោសាចារ្យបាន មានថេរដីកាអំពីក្តីសង្ឃឹម
ចំពោះមហាសន្និបាតមួយនេះថា ចាប់ពីពេលនេះទៅ នឹងមានវិធីសាស្ត្រជា
ច្រើនត្រូវបានផ្តល់ជាគំនិតក្នុងការដោះស្រាវិបត្តិសង្គមបច្ចុប្បន្ន ឲ្យមានប្រសិទ្ធិ
ភាពខ្ពស់ ដើម្បីអភិវឌ្ឍសង្គមឲ្យមានការរីកចម្រើន ។


លោក D.M. Jayaratane នាយករដ្ឋមន្រ្តីប្រទេសស្រីលង្កា


លោក D.M. Jayaratane នាយករដ្ឋមន្រ្តីប្រទេសស្រីលង្កាបានថ្លែងទៅកាន់
អង្គមហាសន្និបាតថា ស្រីលង្កាជាប្រទេសមួយគោរពព្រះពុទ្ធសាសនា ។
ព្រះធម៌នៃព្រះសម្មាសម្ពុទ្ធបានជ្រាបចូលនៅក្នុងជីវភាពនិងសង្គម ពលរដ្ឋ
ស្រីលង្កាយ៉ាងជ្រាលជ្រៅ ។ វិសាខបូជា ជាថ្ងៃមួយក្នុងបណ្តាថ្ងៃបុណ្យជាតិ
ផ្សេងៗនៅក្នុងប្រទេសស្រីលង្កា ។

លោក វីរជ័យ វីរមេត្រីកុល (Virachai Virameteekul) រដ្ឋមន្ត្រីក្រសួងវិទ្យា
សាស្ត្រ និង បច្ចេកវិទ្យាថៃ បានថ្លែងថា លោកមានបីតិបាមោជ្ជពន់ពេក
ដែលខ្លួនលោកផ្ទាល់ និងពលរដ្ឋថៃភាគច្រើនមានឧបនិស្ស័យជាអ្នក
គោរពព្រះពុទ្ធសាសនា ជាពិសេសលោក មានសេចក្តីរំភើបដែលប្រទេស
ថៃតែងតែងឈរឈ្មោះជាម្ចាស់ផ្ទះក្នុងការប្រារព្ធមហាសន្និបាតវិសាខបូជា
អង្គការសហប្រជាជាតិជាច្រើនឆ្នាំកន្លងមក ។

លោក វីរជ័យ វីរមេត្រីកុល បានមានប្រសាសន៍អំពីតម្លៃព្រះពុទ្ធសាសនាថា
ព្រះធម៌ របស់ព្រះពុទ្ធសមណគោត្តមនៅតែ «ទំនើប និង ប្រាកដប្រជា»
ជានិច្ច ។ ផលប្រយោជន៍នៃការយកព្រះធម៌ទៅអនុវត្ត គឺធ្វើឲ្យសង្គមមាន
ការរីកចម្រើន យុត្តិធម៌ និង និរន្តរភាព ។

ក៏នៅព្រឹកនេះដែរ មានមេដឹកនាំសមាគមព្រះពុទ្ធសាសនាចិន ជប៉ុន និង
តំណាងសមាគមមិត្តភាពព្រះពុទ្ធសាសនាពិភពលោក ។ល។ បានឡើងអាន
សារនៅអង្គមហាសន្និបាតនេះផងដែរ ។

កម្មវិធីបិទមហាសន្និបាតវិសាខបូជាអង្គការសហប្រជាជាតិ លើកទី ៨
ព.ស. ២៥៥៥ គ.ស.២០១១ នឹងប្រារព្ធនៅក្នុងបរិវេណពុទ្ធមណ្ឌល នាខេត្ត
នគរបឋម ជាយក្រុងបាងកក នៅវេលារសៀលនេះ ៕


ខាងក្រោមជារូបភាពមួយចំនួនស្តីអំពីមហាសន្និបាតវិសាខបូជាអង្គការ សហប្រជាជាតិលើកទី ០៨ - ព.ស.២៥៥៥ គ.ស. ២០១១ នៅទីស្នាក់ការ អង្គការសហប្រជាជាតិប្រចាំអាស៊ីអាគ្នេយ៍ នាទីក្រុងបាងកក ប្រទេសថៃ ព្រឹកថ្ងៃទី ១៤ ខែឧសភា នេះ ។


សាររបស់សម្តេចព្រះសុគន្ធាធិបតី បួរ គ្រី សម្តេចសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃប្រទេសកម្ពុជា

សម្តេចព្រះសុគន្ឌាធិបតី បួរ គ្រី សម្តេចសង្ឃគណៈធម្មយុត្តិកនិកាយ
នៃប្រទេសកម្ពុជា អានសារចូលរួមនៅក្នុងមហាសន្និបាតវិសាខបូជា
អង្គការសហប្រជាជាតិលើកទី ០៨ ព.ស.២៥៥៥ គ.ស.២០១១ នៅ
ក្នុងសាលប្រជុំរបស់មហាវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ
កាលពីថ្ងៃទី ១២ ខែឧសាភា ឆ្នាំ ២០១១ ។


មហាសន្និបាតវិសាខបូជាអង្គការសហប្រជាជាតិលើកទី ៨ ចាប់ផ្តើមបើកកម្មវិធី

ដោយ ថាច់ ជំរឿន/ Prey Nokor News

(ប្រទេសថៃ) ថ្ងៃនេះ ទី ១២ ខែឧសភា នៅខេត្តអយុធ្យា សន្និបាតវិសាខ
បូជា នៃអង្គការសហប្រជាជាតិលើកទី ៨ – ឆ្នាំ ២០១១ និងសន្និបាតព្រះ
ពុទ្ធសាសនាអន្តរជាតិ បានចាប់ផ្តើមបើកកម្មវិធីក្រោមប្រធានបទ «សីលធម៌
ព្រះពុទ្ធសាសនា នឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម » ដោយមានការ
ចូលរួមពីព្រះសង្ឃនិងពុទ្ធបរិស័ទប្រមាណជាង ៥០០០ រូបនិមន្តនិងអញ្ជើញ
មកពី ៨៤ ប្រទេស និងតំបន់ជុំវិញពិភពលោក ។

តំណាងសមាគមព្រះពុទ្ធសាសនាប្រទេសនានាចូលរួមក្នុង
មហាសន្និបាតវាសាខបូជានៃអង្គការសហប្រជាជាតិលើក
ទី ៨ នៅមហាវិទ្យាល័យមហាចុឡាឡងករណ៍រាជវិទ្យាល័យ
ថតរូបអនុស្សាវរីយ៍ កាលពីថ្ងៃទី ១២ ខែឧសាភា ឆ្នាំ ២០១១ ។


ដំណឹងពីគណៈកម្មការរៀបចំពិធីបុណ្យមួយនេះ បានឲ្យដឹង មានសមាជិក
ប្រមាណជាង ៥០០០ រូបមកពី ៨៤ ប្រទេសនិងតំបន់ទូទាំងពិភពលោក
បានចុះឈ្មោះចូលរួមមហាសន្និបាតវិសាខបូជាអង្គការសហប្រជាជាតិ
លើកទី ៨ ព.ស.២៥៥៥ គ.ស.២០១១ នៅទីក្រុងអាយុធ្យា និង រាជ
ធានីបាងកក ដែលនឹងប្រព្រឹត្តិទៅរយៈ ពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១២ ដល់ ១៤
ខែឧសភា នេះ ។

ឆ្នាំ ១៩៩៩ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)) បានសម្រេច
ទទួលស្គាល់វិសាខបូជា ថាជាថ្ងៃ វប្បធម៌ពិភពលោករបស់អង្គការសហ
ប្រជាជាតិ ។ ក្រោយពីមានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ
ប្រទេសថៃមានតួនាទីយ៉ាងសំខាន់ក្នុងការប្រារព្ធពិធីបុណ្យមួយនេះជារៀង
រាល់ឆ្នាំ ។

សមាជិកដែលបានចូលរួមក្នុងមហាសន្និបាតនេះ មកពីគ្រប់ទ្វីបទូទាំង
ពិភពលោក នឹងធ្វើការដកពិសោធ និងពិភាក្សាគ្នាជុំវិញប្រធានបទ
«សីលធម៌ព្រះពុទ្ធសាសនា នឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម » ។
វិសាខបូជា ជាថ្ងៃដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនាដែលពុទ្ធសាសនិក
គ្រប់ជាតិសាសន៍តែងតែប្រារព្ធឡើង ជារៀងរាល់ឆ្នាំនៅថ្ងៃ ១៥ កើត ខែវិសាខ
ដើម្បីរំឭកដល់ថ្ងៃព្រះពុទ្ធសមណគោត្តម ជាម្ចាស់ព្រះពុទ្ធសាសនា ទ្រង់
ប្រសូត បានត្រាស់ និងយាងចូលបរិនិព្វាន ។

ចំណែកពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម និងពលរដ្ឋខ្មែរទូទាំងពិភពលោក
ឆ្នាំនេះនឹងប្រារព្ធពិធីបុណ្យវិសាខ បូជា ព. ស. ២៥៥៥ នៅថ្ងៃ ១៥ កើត
ខែវិសាខ ឆ្នាំ ថោះត្រីស័ក ព. ស. ២៥៥៤ ត្រូវនឹងថ្ងៃទី ១៧ ខែឧសភា
គ.ស.២០១១ ។ ពុទ្ធសករាជនឹងឈានចូល ២៥៥៥ នៅថ្ងៃ ១ រោច ខែវិសាខ
ឆ្នាំ ខាលត្រីស័ក ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ខាងមុខនេះ ៕



------------------------------------------

ព័ត៌មានបន្ថែម

គេហទំព័រមហាសន្និបាតវិសាខបូជាអង្គការសហប្រជាជាតិលើកទី ៨

Tuesday, May 10, 2011

វិធី​ព្យាបាល​រោគ​ផ្លូវ​ចិត្ត​តាម​ព្រះ​ពុទ្ធ​សាសនា

ដោយ កែវ​ពេជ្រ មេត្តា/RFA
2011-05-09

ការ​កើត​ជំងឺ​ផ្លូវ​ចិត្ត គឺ​ជា​រោគ​មួយ​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​តប់ប្រមល់ វិល​វល់​អារម្មណ៍ ធ្វើ​អ្វី​មិន​កើត ទទួល​ទាន​អាហារ និង​ដំណេក​មិន​បាន ជួនកាល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​គិត​ផ្ដេសផ្ដាស​រហូត​ផ្ដាច់​ផ្ដិល​ជីវិត​ ខ្លួន​ឯង​ក៏​មាន​ដែរ ។



នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​បាន​ចែង​ថា បញ្ហា​ទាំង​អស់​នេះ​ក៏​បណ្ដាល​មក​ពី​គេ​ខ្វះ​ការ​បង្ហាត់​បង្រៀន អប់រំ ឃុំ​គ្រង​ចិត្ត​ឲ្យ​ស្ថិត​នៅ​ក្នុង​អារម្មណ៍​មូល​តែ​មួយ។ តើ​ការ​អប់រំ​ចិត្ត​ដើម្បី​ព្យាបាល​រោគ​ផ្លូវ​ចិត្ត​តាម​ព្រះ​ពុទ្ធ​សាសនា​ នោះ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច​ខ្លះ? អ្នក​ស្រី កែវ​ពេជ្រ មេត្តា រាយ​ការណ៍​ជូន​ជ្រាប​អំពី​រឿង​នេះ៖

ព្រះសង្ឃខ្មែរក្រោមវត្តអង្គរាជបូរី (អង្គ) ទីរួមខេត្តព្រះត្រពាំង ។


មនុស្ស​គ្រប់​រូប​មិន​ថា​ជាតិ​សាសន៍​ណា​នោះ​ទេ តែង​តែ​មាន​រោគ​ពីរ​យ៉ាង​ប្រចាំ​នៅ​ក្នុង​ខ្លួន គឺ​រោគ​ផ្លូវ​កាយ និង​រោគ​ផ្លូវ​ចិត្ត ដោយ​ខុស​គ្នា​ត្រង់​ឈឺ​តិច ឬ​ឈឺ​ច្រើន​ប៉ុណ្ណោះ។

សម្រាប់​រោគ​ផ្លូវ​កាយ គេ​អាច​ធ្វើ​ការ​ព្យាបាល​តាម​វិធី​ផ្សេងៗ បាន​ដូច​ជា​លេប​ថ្នាំ ឬ​ចាក់​ថ្នាំ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ហើយ​ជំងឺ​ខ្លះ​អាច​ជា​សះ​ស្បើយ​បាន​ក្រោយ​ពី​បាន​ព្យាបាល​រួច​មក។ ប៉ុន្តែ​សម្រាប់​រោគ​ផ្លូវ​ចិត្ត​វិញ គេ​ឃើញ​មាន​ការ​ពិបាក​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ជាង​រោគ​ផ្លូវ​កាយ ពី​ព្រោះ​ជំងឺ​ផ្លូវ​ចិត្ត​នេះ​មាន​ការ​ទាក់​ទង​ទៅ​និង​អារម្មណ៍​ទាំង​ឡាយ​ របស់​ចិត្ត ភ្ជាប់​ទៅ​និង​រចនាសម្ព័ន្ធ​រាង​កាយ​របស់​មនុស្ស​ម្នាក់។

កត្តា​មួយ​ទៀត ចិត្ត​គឺ​ជា​សភាវៈ​ធម៌ (ឬ​ធម្មជាតិ​ដើម) មួយ ដែល​គេ​មើល​មិន​ឃើញ និង​មាន​ការ​ផ្លាស់​ប្ដូរ​ប្រែ​ប្រួល​យ៉ាង​ឆាប់​រហ័ស​បំផុត។ ប្រសិន​បើ​ចិត្ត​ពើប​ប្រទះ​និង​វត្ថុ​ណា​មួយ​ដែល​ពេញ​ចិត្ត ពេល​នោះ​អារម្មណ៍​ក៏​កើត​មាន​សេចក្ដី​សប្បាយ​រីក​រាយ ប៉ុន្តែ​បើ​ចិត្ត​បាន​ជួប​និង​រឿង​អ្វី​មួយ​កើត​ឡើង ដែល​អាក្រក់​ជា​រឿង​មិន​ល្អ​មិន​ពេញ​ចិត្ត ពេល​នោះ​ចិត្ត​បាន​ប្រែ​ទៅ​ជា​រង​ទុក្ខ​ភ្លាមៗ មួយ​រំពេច។

ព្រះតេជព្រះគុណ ព្រះ​សំ​វរ​វិជ្ជា សុខ ប៊ុន​ធឿន (កន្តធម្មោ) ព្រះ​ចៅ​អធិការ​វត្ត​នន្ទ​មុនី និង​ជា​ព្រះ​សមុហ៍​អនុ​គណ​ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ បាន​មាន​ព្រះ​ថេរដីកា​ថា ប្រការ​ដែល​នាំ​ឲ្យ​ចិត្ត​ធ្លាក់​ចុះ​ទៅ​ក្នុង​ភាព​សប្បាយ ឬ​ភាព​តាន​តឹង​បង្ក​ឲ្យ​កើត​ជំងឺ​ផ្លូវ​ចិត្ត​នោះ បើ​គេ​និយាយ​ទៅ​តាម​ធម៌​ក្នុង​ព្រះ​ពុទ្ធ​សាសនា គឺ​ថា​បណ្ដាល​មក​ពី​អាយតនៈ​ខាង​ក្នុង​ទាំង​៦ មាន​ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និង​មនោ ឬ​ចិត្ត ហើយ​និង​អាយតនៈ​ខាង​ក្រៅ​មាន​៦ ដែរ គឺ​រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ (ការ​ប៉ះពាល់​តាម​ផ្លូវ​កាយ...) ៖ "កត្តា​ទាំង ​ពីរ​ហ្នឹង បើ​យើង​ផ្អែក​ទៅ​ក្នុង​អង្គ​ធម៌ គឺ​អាយតនៈ​ទាំង​១២ ហ្នឹង។ អាយតនៈ​ក្នុង​៦ អាយតនៈ​ក្រៅ​៦ គឺ​ភ្នែក​ជា​គូ​គ្នា​និង​រូប។ បើ​ភ្នែក​ឃើញ​រូប​ហ្នឹង​ល្អ​ទៅ វា​បញ្ជូន​ព័ត៌មាន​ដល់​ផ្លូវ​ចិត្ត មាន​ន័យ​ថា​វា​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​អ៊ីចឹង​ទៅ ប៉ុន្តែ​កាល​ណា​ភ្នែក​វា​ប៉ះ​រូប​មិន​ល្អ បណ្ដាល​ឲ្យ​ចិត្ត ឬ​អារម្មណ៍​យើង​សោយ​នូវ​ការ​តានតឹង ឬ​ក៏​ការ​កើត​ទុក្ខ​តប់ប្រមល់​ផ្លូវ​ចិត្ត អា​ហ្នឹង​ផ្នែក​ខាង​ភ្នែក និង​រូប។ ដល់​ពេល​ត្រចៀក​ដូច​គ្នា​អ៊ីចឹង​ដែរ កាល​ណា​ឮ​សំឡេង​ពីរោះ​វា​បញ្ជូន​ជូន​ព័ត៌មាន​ដល់​ចិត្ត ចិត្ត​សប្បាយ ប៉ុន្តែ​បើ​ឮ​សំឡេង​មិន​គប្បី វា​ប៉ះ​ផ្ទប់​និង​សំឡេង​ខាង​ក្រៅ​មិន​ល្អ វា​បញ្ជូន​ព័ត៌មាន​ដល់​ផ្លូវ​ចិត្ត ចិត្ត​ក៏​កើត​ទុក្ខ​ធី​ចឹង​ទៅ អា​ហ្នឹង​ផ្នែក​ត្រចៀក​គូ​និង​សំឡេង"។

ចំណែក​អាយតនៈ​ទី​៣ ព្រះតេជព្រះគុណ​បាន​បញ្ជាក់​ថា គឺ​ច្រមុះ​ជា​គូ​និង​ក្លិន ដែល​នាំ​ឲ្យ​ចិត្ត​ទោមនស្ស និង​សោមនស្ស​រីករាយ គឺ​បើ​ច្រមុះ​ប៉ះ​ក្លិន​ល្អ ក្រអូប ឈ្ងុយ ឆ្ងាញ់ ចិត្ត​ក៏​ទទួល​សុខ​សប្បាយ តែ​កាល​ណា​ច្រមុះ​ប៉ះ​ផ្ទប់​នូវ​ក្លិន​មិន​ល្អ​ពេល​នោះ ចិត្ត​ក៏​រង​ទុក្ខ។ រី​ឯ​អាយតនៈ​ទី​៤ ក៏​មាន​លក្ខណៈ​ដូច​គ្នា គឺ​អណ្ដាត​គូ​និង​រស (រស​ជាតិ) កាល​ណា​អណ្ដាត​បាន​ប៉ះ​រស​ជាតិ​អាហារ​ណា​ជា​ទី​គាប់​ចិត្ត ពេល​នោះ​ចិត្ត​សប្បាយ បើ​ប៉ះ​រស​មិន​ឆ្ងាញ់​ពិសា​ទេ ក៏​បណ្ដាល​ឲ្យ​ចិត្ត​មាន​ការ​សៅហ្មង​ឡើង។ សម្រាប់​អាយតនៈ​ទី​៥ គឺ​កាយ​ជា​គូរ​និង​ការ​ប៉ះពាល់​តាម​ផ្លូវ​កាយ ហើយ​ទី​៦​គឺ​មនោ ឬ​ចិត្ត ជា​គូ​និង​អារម្មណ៍ ធម្មារម្មណ៍ ៖ "សរុប​សេចក្ដី​ទៅ​ថា អាយតនៈ​ទាំង​១២ ហ្នឹង ៦​ក្នុង ៦​ក្រៅ គឺ​ជា​មធ្យោបាយ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ ឬ​ដែល​ហៅ​ថា ស្ដ្រេស (Stress) ធ្វើ​ឲ្យ​តប់ប្រមល់​ក្ដៅ​ក្រហាយ​អី​ចឹង​ទៅ។ ជា​ជំងឺ​ផ្លូវ​ចិត្ត​ហ្នឹង​តែ​ម្ដង ដល់​ពេល​អ៊ីចឹង ចិត្ត​មាន​រោគ មាន​ជំងឺ មាន​វិបត្តិ​ផ្សេងៗ ច្រើន​បន្ត​ទៅ​ទៀត​ច្រើន។ មនុស្ស​យើង​អត់​គេច​ផុត​ពី​បញ្ហា​ហ្នឹង គឺ​គេច​មិន​ផុត​ទេ ប៉ុន្តែ​គ្រាន់​តែ​ថា តិច ឬ​ច្រើន អ្នក​ខ្លះ​គេ​អាច​គ្រប់គ្រង​បាន​អ៊ីចឹង​ទៅ វា​ជា​ទង្វើ​ល្អ​របស់​គេ ហើយ​អ្នក​ខ្លះ​ទៅ​មាន​ស្ថានភាព​គ្រប់គ្រង​ចិត្ត​អត់​បាន​អ៊ីចឹង​ទៅ អា​ជំងឺ​វា​គ្រប់​ដណ្ដប់​ផ្លូវ​ចិត្ត​ហ្នឹង វា​រើ​អត់​រួច​ក៏​ដែល​ជា​បញ្ហា​ធំ​មែនទែន"។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា កាល​ណា​ចិត្ត​ជាប់​ជំពាក់​ខ្លាំង​ទាំង​ក្នុង​អារម្មណ៍​សប្បាយ និង​អារម្មណ៍​កើត​ទុក្ខ តានតឹង​ពិបាក​ដោះ​ស្រាយ​ធ្វើ​ឲ្យ​ចិត្ត​មាន​រោគ ឬ​ជំងឺ​ផ្លូវ​ចិត្ត​ខ្លាំង​ក្លា ហើយ​បើ​មិន​ប្រញាប់​ព្យាបាល​ទេ អ្នក​ជំងឺ​អាច​ឈាន​ទៅ​រក​គ្រោះ​ថ្នាក់ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ពីព្រោះ​កាយ និង​ចិត្ត​នេះ​មាន​សម្ពន្ធភាព​ទាក់​ទង​គ្នា។ កន្លង​មក​ក៏​ដូច​សព្វ​ថ្ងៃ ការ​ព្យាបាល​រោគ​ផ្លូវ​ចិត្ត អ្នក​ខ្លះ​បាន​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ ដូច​ជា​ដើរ​កម្សាន្ត មើល​កុន​ល្ខោន ស្ដាប់​ចម្រៀង ឬ​សេព​គ្រឿង​ស្រវឹង គ្រឿង​ញៀន ជា​ដើម ដើម្បី​បំបាត់​ទុក្ខ ប៉ុន្តែ​បន្ទាប់​ពី​ការ​ធ្វើ​បែប​នេះ គឺ​បាន​តែ​មួយ​គ្រា ហើយ​គេ​ក៏​វិល​ទៅ​រក​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ដដែល។

ក្រៅ​ពី​នេះ​ទៀត អ្នក​ជំងឺ​ខ្លះ​បាន​ស្វះស្វែង​ទៅ​រក​គ្រូ​ពេទ្យ​ដើម្បី​ឲ្យ​ព្យាបាល​ឲ្យ ដោយ​លេប​ថ្នាំ ឬ​ជួន​កាល​បាន​ទទួល​ការ​ណែ​នាំ​ជួយ​លើក​ទឹក​ចិត្ត​ពី​គ្រូ​ពេទ្យ ហើយ​អ្នក​ខ្លះ​ក៏​បាន​ធូរ​ស្រាល ប៉ុន្តែ​អ្នក​ខ្លះ​មិន​បាន​ធូរ​ស្រាល​ទេ។ អ្នក​ប្រាជ្ញ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា នៅ​ក្នុង​ពាក្យ​ទូន្មាន​របស់​ព្រះ​ពុទ្ធ​អង្គ មិន​មាន​ការ​ចែង​ថា​ធម៌​ណា​មួយ​ដើម្បី​ព្យាបាល​រោគ​ផ្លូវ​ចិត្ត​ទេ ក៏​ប៉ុន្តែ​ព្រះ​អង្គ​បាន​បង្រៀន​អំពី​វិធី​អប់រំ​ចិត្ត​ឲ្យ​មនុស្ស​គ្រប់​ រូប​ធ្វើ​ការ​ទូន្មាន​ចិត្ត គ្រប់គ្រង​ចិត្ត​ខ្លួន​ឯង​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ។ ព្រះតេជព្រះគុណ ព្រះ​សំ​វរ​វិជ្ជា សុខ ប៊ុនធឿន (កន្តធម្មោ) ព្រះ​ចៅ​អធិការ​វត្ត​នន្ទ​មុនី ក្រុង​ភ្នំពេញ​បាន​បញ្ជាក់​បន្ថែម​អំពី​ការ​គ្រប់​គ្រង​ចិត្ត ដើម្បី​ឲ្យ​ចិត្ត​មាន​សុខភាព​ល្អ​យ៉ាង​ដូច្នេះ ៖ "ព្រះ​ពុទ្ធ​លោក​បង្រៀន ​រូបមន្ត​ថា ដើម្បី​ឲ្យ​ចិត្ត​ហ្នឹង​ជា​ចិត្ត​មួយ​សុខ គឺ​ត្រូវ​តែ​មាន​ធម៌​នៅ​ក្នុង​ចិត្ត នៅ​ក្នុង​ខ្លួន អ៊ីចឹង​ទី​១ ត្រូវ​សិក្សា​ព្រះ​ធម៌​ឲ្យ​យល់​ពី​រឿង​ពិត​នៃ​ជីវិត ថា​តើ​ជីវិត​យើង​ហ្នឹង​មាន​លក្ខណៈ​បែប​ណា។ ដូច​ជា​ព្រះ​ពុទ្ធ​លោក​សំដែង​ថា​ជីវិត​មនុស្ស​កើត​មក​មិន​ទៀង ជា​អនិច្ចំ ជា​ទុក្ខ អនត្តា មិន​មែន​ខ្លួន​អ៊ីចឹង។ កាល​ណា​យើង​ទទួល​ស្គាល់​នូវ​ការ​ពិត​អ៊ីចឹង អា​ការ​ទទួល​ស្គាល់​ហ្នឹង​ជា​វិធី​មួយ​បន្ថយ​នូវ​សេចក្ដី​ទុក​រួច​ស្រេច​ទៅ​ ហើយ ពី​ព្រោះ​យើង​បាន​សម្រប​ខ្លួន​ទៅ​តាម​ច្បាប់​ធម៌​ហ្នឹង... ប៉ុន្តែ​មនុស្ស​ដែល​កើត​ទុក្ខ​ហ្នឹង ភាគ​ច្រើនៗ មិន​ទទួល​ស្គាល់​នូវ​ការ​ពិត​ហ្នឹង...។ ចង់​ទប់​ការ​ពិត​មិន​ឲ្យ​ប្រែប្រួល ដល់​ចង់​ទប់​ខ្លាំង ការ​កើត​ទុក្ខ​ក៏​កាន់​តែ​ខ្លាំង​ដែរ..."។

ព្រះតេជព្រះគុណ​បាន​បន្ត​ទៀត​ថា ការ​ជួយ​ចិត្ត​ឲ្យ​មាន​សុខភាព​ល្អ សំខាន់​គឺ​អ្នក​ជំងឺ​រៀន​អប់រំ​ខ្លួន​ឯង ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ចិត្ត ហើយ​វិធី​ដែល​អាច​អប់រំ​ចិត្ត​បាន​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា គឺ​ការ​អនុវត្ត​សីល សមាធិ និង​វិបស្សនា ៖ "សមាធិ​នេះ បើ​និយាយ​មែនទែន​ទៅ​គឺ​ជា​វិធី​ពង្រឹង​អំណាច​ផ្លូវ​ចិត្ត ព្រោះ​ជីវិត​យើង ភាសា​ព្រះ​ធម៌​លោក​ហៅ​ថា បង្កើត​ឡើង​ចេញ​ពី​នាម​ធម៌ និង​រូប​ធម៌… ហើយ​នាម និង​រូប​ហ្នឹង​បង្កើត​បាន​ជា​ជីវិត។ អ៊ីចឹង​បាន​ជា​ជីវិត​កើត​មក​វា​ត្រូវ​មាន​ការ​ប្រែប្រួល អ៊ីចឹង​ចិត្ត​ហ្នឹង​វា​ក្រោម​ក្រំ វា​កើត​ទុក្ខ អ៊ីចឹង​បាន​ជា​ព្រះ​ពុទ្ធ លោក​ឲ្យ​ប្រើ​រូបមន្ត​សមាធិ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ចិត្ត​ចេញ​ចាក កុំ​ឲ្យ​ទទួល​យក​អ្វី​ដែល​មិន​ល្អ​ដាក់​ក្នុង​ចិត្ត។ ដល់​ពេល​ហ្នឹង​អា​ចិត្ត​បាន​ចម្រើន បាន​អប់រំ បាន​ល្អ ចិត្ត​ស្អាត​អ៊ីចឹង​ទៅ គឺ​ចិត្ត​ហ្នឹង​ដេក​នៅ​ជា​សុខ"។

នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ គេ​ឃើញ​មាន​ការ​បង្កើត​កន្លែង​បដិបត្តិ​ធម៌ ឬ​មជ្ឈ​មណ្ឌល​បដិបត្តិ​ធម៌​ជា​ច្រើន​កន្លែង​ផង​ដែរ ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​បាន​ទៅ​សិក្សា​ស្វែង​យល់​អំពី​របៀប​អប់រំ​ ផ្លូវ​ចិត្ត ធ្វើ​ឲ្យ​ចិត្ត​មាន​លំនឹង កាត់​បន្ថយ​ការ​កើត​ទុក្ខ​ផ្សេងៗ​ផង និង​ដើម្បី​បាន​សន្សំ​កុសល​ផល​បុណ្យ​ផង។

មជ្ឈ​មណ្ឌល​វិបស្សនា​ទាំង​នោះ​រួម​មាន មជ្ឈ​មណ្ឌល​ធម្មលដ្ឋិកា​ដែល​មាន​ទីតាំង​នៅ​ភ្នំ​ទ្រុង​មាន់ ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង មជ្ឈ​មណ្ឌល​វិបស្សនាធុរៈ​នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល៕

Monday, May 09, 2011

ក្តីសង្ឃឹមថ្មី


(កំណាព្យមេពាក្យ ៨​)

ពិធីសែនក្រុងពលីក្នុងពិធីអាពាហ៍ពិពាហ៍មួយរបស់ខ្មែរក្រោម
នៅស្រុកក្របៅ ខេត្តមាត់ជ្រូក ដែនដីកម្ពុជាក្រោម
(xã Văn Giáo, huyện Tịnh Biên, tỉnh An Giang) ។


រលកជីវីតដួងចិត្តកវី
រាមរស់ឥតន័យខ្វះក្ដីសង្ឃឹម
សម្រស់កែវភ្នែកនិងស្នាមញញឹម
ជាឱសថផ្សំនៃជីវិតបង ។

ស្នាមញញឹមស្រីជាន័យជីវីត
ជាកម្លាំងចិត្តមានឫទ្ធកន្លង
គ្មានស្នាមញញឹមរាមរស់ហ្មួហ្មង
ក្នុងជាតិនេះម្ដងរាមរស់ព្រោះស្រី។

សេចក្ដីសង្ឃឹមគឺស្នាមញញឹមអូន
សង្ឃឹមមាសស្ងួននួននាងប្រណី
ព្រមស្ម័គ្ររូបបងយើងស្មោះរួមដៃ
កសាងស្នេហ៍ថ្មីលើដីដូនតា ។

ឃើញស្នាមញញឹមមានសង្ឃឹមថ្មី
ជីវីតឥតន័យប្រែមានខ្លឹមសារ
នារីខ្មែរក្រោមដែលរាមប្រាថ្នា
កសាងវាសនាស្ទួយមាតុភូមិយើង ។

និពន្ធដោយ ថាច់ តៀង

ពិធីអាពាហ៍ពិពាហ៍មួយរបស់ខ្មែរក្រោមនៅ ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង​ ដែនដីកម្ពុជាក្រោម ។

Sunday, May 08, 2011

ខ្មែរ​ក្រោម​រំលឹក​ថ្ងៃ​បាត់បង់​ទឹកដី​នៅ​បរទេស

ដោយ មឿង ទុម/RFA
2011-05-08

ថ្ងៃ​ទី​៤ មិថុនា ខែ​ក្រោយ​នេះ គឺ​ជា​ខួប​ទី​ ៦២ ​ឆ្នាំ ដែល​រាជាណាចក្រ​កម្ពុជា​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម​ទៅ​វៀតណាម ។

ផែនទី​កម្ពុជា​ក្រោម ។ រូបថត៖ RFA, Screenshot




សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​រៀបចំ​ពិធី​បុណ្យ​រំលឹក​ខួប​នេះ នៅ​សហ​រដ្ឋ​អាមេរិក កាណាដា និង​នៅ​តាម​ប្រទេស​ដទៃ​ជា​ច្រើន​ទៀត។ លោក ថាច់ ង៉ុក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ថា តំបន់​ខ្លះ​ផ្ដើម​រៀបចំ​រំលឹក​ខួប​នេះ តាំង​ពី​ចុង​ខែ​ឧសភា​នេះ​ទៅ ៖ «នៅ​អាមេរិក ធ្វើ​ធំ​នៅ​ញ៉ូជឺស៊ី និង​នៅ​តាម​រដ្ឋ​ជា​ច្រើន​ទៀត និង​ធ្វើ​នៅ​កាណាដា ប្រទេស​អូស្ត្រាលី» ។

លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ khmerland.net


លោក ថាច់ ង៉ុក ថាច់ បញ្ជាក់​ថា ខ្មែរ​នៅ​រដ្ឋ​មីនីសូតា សហ​រដ្ឋ​អាមេរិក នឹង​ផ្ដើម​ធ្វើ​ពិធី​បុណ្យ​រំលឹក​ខួប​បាត់បង់​ដែន​ដី​កម្ពុជា​ក្រោម​មុន​គេ គឺ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​ឧសភា​ខាង​មុខ​នេះ។ នៅ​ទ្វីប​អឺរ៉ុប​វិញ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​គ្រោង​នឹង​រៀបចំ​នៅ​ប្រទេស​ស្វីស នៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែ​មិថុនា ខែ​ក្រោយ​នេះ​នៅ​ឯ​ទីក្រុង​ស្ស៊ឺរ៉ិច។ លោក ថាច់ វៀន ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ទ្វីប​អ៊ឺរ៉ុប មាន​ប្រសាសន៍​ថា ពិធី​បុណ្យ​នឹង​ប្រារព្ធ​ឡើង​ប្រហាក់​ប្រហែល​គ្នា​នៅ​តាម​ប្រទេស​ដទៃ​ដែរ ដោយ​ធ្វើ​តាម​បែប​បទ​ព្រះ​ពុទ្ធ​សាសនា ៖ «មាន​ព្រះ​សង្ឃ​ចូល​រួម​ទាំង​ អស់ ៧​អង្គ ក្នុង​នោះ​មាន​លោក ទឹម សាខន ដែរ។ ធ្វើ​បុណ្យ​តាម​បែប​ព្រះ​ពុទ្ធ​សាសនា និង​មាន​ការ​តាំង និង​ចែក​ចាយ​នូវ​ឯកសារ​ថ្មីៗ ដែល​ទាក់​ទង​នឹង​ទុក្ខ​វេទនា​របស់​ខ្មែរ​ក្រោម នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម» ។

លោក ថាច់ វៀន មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​អាច​នឹង​មាន​អ្នក​ចូល​រួម​យ៉ាង​តិច ២​រយ​នាក់ ច្រើន​ដូច​ឆ្នាំ​មុនៗ ពី​ព្រោះ​មាន​អ្នក​ចូល​រួម​មក​ពី​ប្រទេស​អាល្លឺម៉ង់ អូទ្រីស ប៊ែលស្ស៊ិច អ៊ីតាលី និង​ពី​ប្រទេស​បារាំង​ជា​ដើម។ សហ​ព័ន្ធ​ក៏​គ្រោង​នឹង​រៀបចំ​ធ្វើ​បុណ្យ​នៅ​ឯ​វត្ត​ពោធិវ័ង្ស នៅ​ជាយ​ក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១១ ខាង​មុខ​នេះ។ លោក ថាច់ ង៉ុក​ថាច់ បញ្ជាក់​ថា សហ​ព័ន្ធ​រៀបចំ​កម្មវិធី​បុណ្យ​លើក​នេះ​មាន​គោល​បំណង​សំខាន់ៗ រួម​មាន ៖ «ទី​១ បង្ហាញ​ថា ថៃ​ហ្នឹង​វៀតណាម​នៅ​តែ​ចង់​បាន​ដី​ខ្មែរ និង​ទី​២ ស្នើ​ឲ្យ​ខ្មែរ​ទាំង​អស់ រួម​គ្នា​យក​ទិវា​នេះ​ជា​ទិវា​ជាតិ»។

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ អាណានិគម​បារាំង​បាន​ប្រគល់​ដែន​ដី​កម្ពុជា​ក្រោម និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​រាប់​លាន​នាក់ ទៅ​ឲ្យ​អធិរាជ​វៀតណាម ព្រះចៅ បាវ ដាយ គ្របគ្រង​ផ្នែក​រដ្ឋបាល​តាំង​ពី​ពេល​នោះ​មក ៕

Saturday, May 07, 2011

ខ្មែរ​ក្រោម​គ្រោង​ធ្វើ​បុណ្យ​ខួប​ទី​ ៦២ ​នៃ​ថ្ងៃ​បាត់បង់​ទឹក​ដី

ដោយ ខែ សុណង/RFA
2011-05-07

សហគមន៍ និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​នៅ​កម្ពុជា ប្រមាណ​ជិត ៣​ពាន់​នាក់ គ្រោង​រៀបចំ​ពិធី​បុណ្យ​រាប់​បាត្រ​ព្រះសង្ឃ និង​ប្រារព្ធ​ទិវា​កាន់​ជាតិ​ខ្មែរ​ខួប​លើក​ទី​៦២ នៃ​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម​នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០១១​នេះ ។

៤-មិថុនា-២០១០: ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បុណ្យ​រាប់​បាត្រ និង​ប្រារព្ធ​ទិវា​កាន់​ទុក្ខ​នៃ​ថ្ងៃ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម នៅ​វត្ត​សាមគ្គីរង្សី ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ។ RFA/Den Ayuthyea




សហគមន៍​និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា​ បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ សុំ​ការ​អនុញ្ញាត​រៀប​ចំ​ពិធី​បុណ្យ​រាប់​បាត្រ​ព្រះសង្ឃ​ចំនួន ១.៩៤៩​អង្គ និង​ប្រារព្ធ​ទិវា​កាន់​ជាតិ​ខ្មែរ​ខួប ៦២​ឆ្នាំ ដែល​អាណានិគម​បារាំង កាត់​ទឹក​ដី​ខ្មែរ​ឲ្យ​អាណានិគម​វៀតណាម។

ពិធី​នេះ​គេ​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១១ នៅ​សួន​ច្បារ​ខាង​មុខ​វត្ត​បទុមវតី​ រាជធានី​ភ្នំពេញ ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ឧសភា ថា លោក​បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ពុធ​ ទី​៤ ឧសភា ដើម្បី​សុំ​អនុញ្ញាត​រៀបចំ​ពិធី​នេះ។ លោក​ថា គោល​បំណង​នៃ​ការ​រៀបចំ​ពិធី​នេះ ដើម្បី​រំលឹក​ខួប​គម្រប់ ៦២​ឆ្នាំ ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ មក​ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១១ ជា​ការ​សម្ដែង​នូវ​ការ​ឈឺ​ចាប់ ការ​សោកស្ដាយ​ទឹក​ដី​ ដែល​អាណានិគម​បារាំង បាន​កាត់​ទឹក​ដី​ខ្មែរ​ឲ្យ​អាណានិគម​វៀតណាម ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចង​ចាំ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នេះ ។

លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​បន្ត​ដូច្នេះ ៖ «យើង​បាន​បញ្ជូន​លិខិត​ នេះ​ទៅ​សាលា​ក្រុង​រួច​រាល់​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​ឆ្លើយ​តប​ទេ។ ជា​រៀងរាល់​ឆ្នាំ​សាលា​ក្រុង​តែងតែ​ធ្វើ​ឲ្យ​យើង​លំបាក​ក្នុង​ការ​រៀបចំ ឆ្នាំ​នេះ​សូម​អំពាវនាវ​ឲ្យ​សាលាក្រុង​មេត្តា​រួសរាន់​ជួយ​ផ្ដល់​ទី​កន្លែង​ ទៅ​តាម​ការ​ស្នើ​របស់​សហគមន៍ ដើម្បី​ងាយ​ស្រួល​ដល់​ការ​រៀបចំ» ។

លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ បាន​បិទ​ទូរស័ព្ទ​មិន​ឆ្លើយ​តប​ឡើយ ចំពោះ​សំណួរ​អំពី​ការ​អនុញ្ញាត​ប្រារព្ធ​ពិធី​នេះ​ថា​យ៉ាង​ណា​នោះ​ទេ ។

យ៉ាង​ណា​ក្ដី សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បាន​អះអាង​ថា គេ​នៅ​តែ​ប្រារព្ធ​ធ្វើ​ដដែល​ បើ​ទោះ​ជា​ពុំ​មាន​ ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​ក៏ដោយ ។

ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​ និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​ ព្រះ​តេជ​ព្រះ​គុណ ចាន់ សុផាត ដែល​ជា​សមាជិក​គណៈកម្មការ​មួយ​ក្នុង​ការ​រៀប​ចំ​ពិធី​បុណ្យ​នេះ​ដែរ មាន​ព្រះ​ថេរដីកា​ថា មួយ​ភាគ​ធំ​នៃ​កម្មវិធី​នេះ គឺ​ជា​វិធី​បុណ្យ​តាម​បែប​សាសនា​ ដែល​គេ​នឹង​ធ្វើ​ពិធី​រាប់​បាត្រ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ទៅ​ វីរបុរស​ដែល​បាន​តស៊ូ​ក្នុង​បុព្វហេតុ​ស្នេហា​ជាតិ ការពារ​ពូជ​សាសន៍ សាសនា សិល្បៈ វប្បធម៌ អក្សរសាស្ត្រ និង​ទំនៀម​ទម្លាប់​ខ្មែរ​ឲ្យ​នៅ​គង់វង្ស​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

ព្រះតេជព្រះគុណ ចាន់ សុផាន បន្ត​ថា ៖ «កម្មវិធី​បុណ្យ​នេះ​ពិត​មែន​ថា យើង​ដាក់​ថា​ខួប​បាត់បង់​ទឹក​ដី​មែន តែ​យើង​បាន​ភ្ជាប់​ពាក្យ​ថា រាប់​បាត្រ​ព្រះសង្ឃ​ចំនួន ១.៩៤៩​អង្គ ដោយ​យក​ឆ្នាំ​ដែល​យើង​បាន​បាត់បង់​ទឹក​ដី​ដែល​បារាំង កាត់​ទឹក​ដី​ឲ្យ​ស្ដេច​កៅដាយ​ហ្នឹង​ណាស់ អ៊ីចឹង​ហើយ​បាន​ជា​យើង​បង្ហាញ​អំពី​ទុក្ខសោក​របស់​ខ្មែរ​កម្ពុជា​ក្រោម» ។

គេ​រំពឹង​ទុក​ថា មាន​ព្រះរាជតំណាង​ព្រះមហាក្សត្រ​ខ្មែរ ព្រះសង្ឃ​ប្រមាណ ២​ពាន់​អង្គ អ្នក​តំណាងរាស្ត្រ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ចូល​រួម​ផង​ដែរ។ ពិធី​បុណ្យ​នេះ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ជុំ​វិញ​ពិភពលោក​តែងតែ​ ប្រារព្ធ​ចាប់​តាំង​ពី​ឆ្នាំ​២០០០ ជា​រៀងរាល់​ឆ្នាំ​រហូត​មក ៕

Friday, May 06, 2011

ស្រណោះដែនដីសណ្ដ


(កំណាព្យមេពាក្យ ៨)



ដែនដីសណ្ដបវរល្អឆើត
ដែនដីពិសិដ្ឋកំណើតកវី
ឆ្នេរស្ទឹងបឹងព្រែកអូរព្រឹក្សព្រៃ
រុក្ខជាតិខៀវខ្ចីម្លប់ក្សាន្តចិន្តា ។

វាលស្រែវាលស្រូវចម្ការដំណាំ
សមុទ្ទទន្លេសព្វរ៉ែមច្ឆា
កសិផលជលផលខួបប្រាំងវស្សា
កេរជាតិខេមរាដែនដីសណ្ដ ។

ថ្ងៃបាក់រសៀលចាំងច្រាលពណ៌មាស
ចិត្តអើយស្រណោះដែនដីសណ្ដ
ជំនោរមេគង្គពេលជិះទូកដរ
សូរសំឡេងស្គររដូវកឋិន ។

និពន្ធដោយ ថាច់ តៀង

ស្ត្រីខ្មែរក្រោមនៅខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ។

ផ្លែចាកនៅកម្ពុជាក្រោម ។