អ្នកវិភាគមួយចំនួនមើលឃើញថាអ្វីដែលបាន កើតឡើងនៅក្នុងសប្តាហ៍នេះនិងក្នុងសប្តាហ៍ថ្មីៗទំនងជានឹងក្លាយជា របួសមួយសម្រាប់សង្គមខ្មែរដែលគួរតែមានការព្យាបាលយ៉ាងត្រឹមត្រូវ មួយ ។
ភ្នំពេញ៖ សំឡេងស្រែកយំ និងការប្រកាសពីភាពមានទោសកំហុសរបស់ក្រុមប្រជាពលរដ្ឋនៅក្នុង សប្តាហ៍នេះទំនងជាស្នូរជួងមួយដែលបន្លឺឡើងពីជញ្ជីងយុត្តិធម៌ នៅក្នុងប្រទេសកម្ពុជា។
យ៉ាងហោចណាស់មានជនរងគ្រោះចំនួនពីរក្រុមដាច់ដោយឡែកពីគ្នា បានស្រែក យ៉ាងអាក្រោសក្នុងក្នុងចំណោមមហាជនដែលបង្ហាញការឈឺចាប់និង ការស្រេកឃ្លានយុត្តិធម៌បន្ទាប់ពីការសម្រេចក្តីលើពួកគេដោយសាលាដំបូង រាជធានីភ្នំពេញនិងដោយសាលាឧទ្ធរណ៍។
ស្របពេលនេះដែរករណីលោកឈូក បណ្ឌិតស្ថិតក្នុងភាពស្ងប់ស្ងាត់យ៉ាងត្រជាក់ក្រោយពីមានការចង្អុល បង្ហាញជាច្រើនថាលោកបានចុះពីរថយន្តហើយបានទាញកាំភ្លើងបាញ់សំដៅ ទៅរកហ្វូង បាតុករពីក្រោយខ្នងនៅពេលដែលពួកគេកំពុងតវ៉ា។ ហើយសាលាដំបូងខេត្តស្វាយរៀងបាន បោះ បង់ការចោទប្រកាន់លើជនសង្ស័យដោយសំអាងថាពុំមានភស្តុតាងដាក់បន្ទុក។
«សេចក្តីសម្រេចរបស់តុលាការទាំងពីរទាំងបីកន្លែងហ្នឹង ឃើញថាតុលាការហ្នឹងមានការបែងចែកសង្គម ឬក្រុមមនុស្សជាពីរ។ មួយគឺមនុស្សសាមញ្ញ គឺអាចជាប់ទោសងាយណាស់ ហើយមនុស្សវិសាមញ្ញនៅលើច្បាប់ ដូចជាកម្រជាប់ទោស ឬគ្រោះថា្នក់ស្រាល»។
ទាំងលោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទាំងលោកបណ្ឌិតឡៅ ម៉ុងហៃសុទ្ធតែយល់ថាការឈឺចាប់របស់សង្គមនឹងអាចរីករាលដល់ដល់ការ ក្រោកតស៊ូរបស់ពលរដ្ឋ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានរំលឹកថាប្រវត្តិសាស្ដ្រនៃការវិនាសកម្មនិងសង្គ្រាមដ៏អូសបន្លាយ ចុងក្រោយរបស់កម្ពុជាបានបង្កឡើងដោយការឈឺចាប់ និងភាពអយុត្តិធម៌ក្នុងសង្គម។
«វាទៅជាមានការតវ៉ា ការប្រឆាំង មានការបាក់បែកសង្គម ហើយអាចមានកាលៈទេសៈអ្វីបន្ថែមទៀត មានសង្គ្រាម»។
នួន ជា អតីតប្រធានសភាខ្មែរក្រហមនិងបច្ចុប្បន្នជាជនជាប់ចោទម្នាក់ដែល កំពុងស្ថិតក្រោមការកាត់ទោសធ្លាប់បានប្រាប់សាលាក្តីខ្មែរក្រហមថា ក្រុមពួកខ្មែរក្រហមបានងើបបះបោរនិងតស៊ូក្នុងព្រៃដោយសារតែមាន ការជិះជាន់ក្នុងសង្គម ការប្រមាថមាក់ងាយជនទន់ខ្សោយនិងដោយសារអយុត្តិធម៌សង្គម។
ក្រុមអ្នកវិភាគមួយចំនួនបានចោលភ្នែកទៅមើលតំបន់មជ្ឈិមបូព៌ាដូចជា នៅប្រទេសអេហ្ស៊ីបនិងប្រទេសទុយនីស៊ីដែលហ្វូងមនុស្សងើបបះបោរ ផ្តួលអំណាចរដ្ឋដោយសារតែភាពអយុត្តិធម៌និងគ្មានការងារធ្វើនិង ការគាបសង្កត់សេរីភាពបញ្ចេញមតិជាដើម។
ពួកគេបានធ្វើការប្រៀបធៀបសំណុំរឿងលោកម៉ម សុណង់ដូ នាយកវិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ សំណុំរឿងប៊ន សំណាងនិងសុខ សំអឿននិងករណីអ្នកស្រីយ៉ោម បុប្ផាជាមួយនឹងអ្វីដែលបានកើតឡើងនៅបណ្តាប្រទេសមជ្ឈិមបូព៌ានោះ។
ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានថាទិដ្ឋភាពដូចគ្នាមិនអាចកើតនៅស្រុកខ្មែរនោះទេ។
លោកបណ្ឌិតឡៅ ម៉ុងហៃ មើលឃើញថាការចាប់និងកាត់ទោសអ្នកភូមិបឹងកក់កើតចេញពីគំនុំរវាង ឈ្មួញនិងក្រុមមន្ដ្រីចំពោះការតវ៉ារបស់ក្រុមប្រជាពលរដ្ឋ រីឯការផ្តន្ទាទោសប៊ន សំណាងនិងសុខសំអឿនដែលត្រូវគេជឿថាជាឃាតករសិប្បនិមិត្តសម្លាប់ លោកជា វិជ្ជា នោះជាការបិទមាត់ការតវ៉ានិងការបិទបាំងការស្វែងរកឃាតករពិត។
លោកយឹម សុវណ្ណ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិដែលច្របាច់ បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សចាត់ទុកថាវាជាគ្រោះថ្នាក់ដល់សង្គមប្រសិនបើ ភាពអយុត្តិធម៌នៅតែអូសបន្លាយនោះ។
«សង្គមមួយដែលអ្នកមានអំណាច មានលុយធ្វើអ្វីបានតាមតែអំពើចិត្តឲ្យអ្នកក្រទទួលការរងគ្រោះ យ៉ាងអយុត្តិធម៌ សង្គមនេះនឹងជួបឧបសគ្គ និងជួបវិបត្តិនៅពេលខាងមុខបើរដ្ឋាភិបាលនៅតែបន្តឲ្យមានវប្បធម៌ គ្មានទោសពៃរ៍នៅក្នុងសង្គមកម្ពុជា»។
លោកជាម យៀប តំណាងរាស្ដ្រខាងគណបក្សកាន់អំណាចមិនអាចទាក់ទងបានទេ។ទោះជាយ៉ាងណា លោកផៃ ស៊ីផានរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ដ្រី ឆ្លើយតបថាការលើកឡើងខាងលើគ្រាន់តែជាការវាយតម្លៃបែបបុគ្គលតែប៉ុណ្ណោះ ហើយលោកមិនយល់ស្របនោះឡើយ។
«ការវិនិច្ឆ័យក្តីហ្នឹង គឺឈរនៅលើអង្គហេតុ និងអង្គច្បាប់ ហើយអ្វីដែលជាការវិនិច្ឆ័យក្តីហ្នឹងវាមិនអនុញ្ញាតឲ្យសង្គមកម្ពុ ជាហ្នឹងក្លាយទៅជាមានវិបត្តិនោះទេ ខ្ញុំមើលមិនឃើញទេ»។
ដោយស្រង់យកករណីលោក ម៉ម សុណង់ដូ និងសកម្មជនដីធ្លីនៅសហគមន៍បឹងកក់លោកបណ្ឌិតឡៅ ម៉ុងហៃ ចាត់ទុកថាចំណាត់ការរបស់រដ្ឋាភិបាលតាមផ្លូវតុលាការគឺជាផ្នែកមួយនៃ ការព្យាយាមរឹតបន្តឹងស្ថានភាពរិះគន់និងជំទាស់ក្នុងបរិបទឆ្ពោះទៅរក ការបោះឆ្នោត។
លោកផៃ ស៊ីផានបានបកស្រាយទៅវិញថាការសម្រេចក្តីក្នុងសំណុំរឿងទាំង ប៉ុន្មាននោះជាសមត្ថកិច្ចផ្ទាល់របស់តុលាការដែលរដ្ឋាភិបាលមិន ជ្រៀតជ្រែកនោះទេ។
«នេះគឺជាការវិនិច្ឆ័យតាមដែនសមត្ថកិច្ចតុលាការសុទ្ធសាធ មិនមានអ្វីដែលយកស្ថានភាពនៃការបោះឆ្នោតជាចំណាប់ខ្មាំងទៅ ជះឥទ្ធិពលលើសកម្មភាពដទៃទៀតទេ។ នេះជាការចាប់អារម្មណ៍ ហើយសិទ្ធិរបស់គេ»។
ទោះជាមានការបកស្រាយបែបណាក៏ដោយអ្នកវិភាគមួយចំនួនមើលឃើញថាអ្វីដែល បានកើតឡើងនៅក្នុងសប្តាហ៍នេះនិងក្នុងសប្តាហ៍ថ្មីៗទំនងជានឹងក្លាយ ជារបួសមួយសម្រាប់សង្គមខ្មែរដែលគួរតែមានការព្យាបាលយ៉ាង ត្រឹមត្រូវមួយ ៕
No comments:
Post a Comment